យោងតាមរបាយការណ៍ផ្ដល់ដោយរដ្ឋបាលស្រុកល្វាឯម ផ្ដល់មកកាន់ផ្នែកព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងចំណោមវិវាទទាំង១៨ករណីនោះ រដ្ឋបាលស្រុកបានសម្រុះសម្រួលបញ្ចប់១៣ករណី ស្មើ៧២% ដែលជាលទ្ធផលមួយគួរកោតសរសើរ។ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះវិញ រដ្ឋបាលស្រុកល្វាឯមបន្តទទួលពាក្យស្នើដោះស្រាយ និងសម្រុះសម្រួលវិវាទ១៥ករណីបន្ថែមទៀត ក្នុងនោះ វិវាទព្រំប្រទល់ដីធ្លីមាន៣ករណី វិវាទកម្មសិទ្ធិដីធ្លី៥ករណី វិវាទកិច្ចសន្យាទិញលក់ដីធ្លី២ករណី និងវិវាទផ្សេងៗទៀត៤ករណី ដោយជាលទ្ធផលក្នុងចំណោមវិវាទទាំង១៥ករណីនោះ រដ្ឋបាលស្រុកបានសម្រុះសម្រួលបញ្ចប់វិវាទចំនួន ៦ករណី ស្មើនឹង៤០ភាគរយ។
លោក លីវ វណ្ណថេង អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានគូសបញ្ជាក់បន្ថែមអំពីការខិតខំទទួលសម្រុះសម្រួលវិវាទតាមយន្តការក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃគោលនយោបាយរាជរដ្ឋាភិបាល ទាំងក្នុងនីតិកាលកន្លងទៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន មានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ បើតាមលោកអភិបាលស្រុក យន្តការនេះ ពិតជាជួយកាត់បន្ថយការកកស្ទះសំណុំករណីវិវាទនៅប្រព័ន្ធតុលាការ ព្រមទាំងជួយកាត់បន្ថយការចំណាយពេលវេលា និងថវិការបស់ប្រជាពលរដ្ឋ ជាពិសេសការបង្កើតបាននូវសុខដុមនីយកម្មក្នុងសហគមន៍។ "ឈរលើមូលដ្ឋានច្បាប់ ក្នុងការងារនេះ រដ្ឋបាលស្រុកល្វាឯម បានខិតខំប្រឹងប្រែង និងព្យាយាមរិះរកគោលការណ៍ និងវិធីសាស្ត្រនានា ដើម្បីពន្យល់ណែនាំគូភាគីវិវាទឱ្យស្ងប់ចិត្ត ឈានទៅរកការសះជា និងបញ្ចប់វិវាទ ឈរលើគោលការណ៍យោគយយល់ និងឈ្នះឈ្នះ!"។
នេះការបញ្ជាក់បន្ថែមពីលោកអភិបាលស្រុកល្វាឯម។ ស្រុកល្វាឯម ស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ។ បច្ចុប្បន្ន ស្រុកនេះ មានឃុំចំនួន១០រួមមាន ឃុំកោះរះ ឃុំថ្មគរ ឃុំទឹកឃ្លាំង ឃុំបឹងគ្រំ ឃុំល្វាសរ ឃុំកោះកែវ ឃុំសំបួរ ឃុំព្រែកឬស្សី ឃុំភូមិធំ និងឃុំព្រៃករៃ។ ការរីកចម្រើនដ៏លឿនរហ័សនៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជាផ្លូវ និងស្ពានជា ពិសេសការសាងសង់ស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្ពោះទៅស្រុកល្វាឯម ព្រមទាំងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានផ្ដល់ឋាមពលដល់វិស័យដីធ្លី។
ដូច្នេះហើយបានជាក្នុងចំណោមវិវាទដែលរដ្ឋបាលស្រុកល្វាឯមបានជួយសម្រុះសម្រួលជូនពលរដ្ឋ ភាគច្រើនជាវិវាទដីធ្លី។ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កត់សម្គាល់ថា បច្ចុប្បន្នថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាន់តែមានសមត្ថភាព និងទេពកោសល្យក្នុងការងារសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមក្ដីប្រាថ្នា និងការយកចិត្តទុកដាក់ណែនាំជំរុញពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕