ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ សិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ដែលពិធីនេះធ្វើ ឡើងនៅ វិទ្យាល័យឧដុង្គ ស្ថិតក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យគ្រូ និងឪពុកម្ដាយបង្កើតក្រុមជាគ្រុបជាមួយគ្នា ដោយតាមដានការសិក្សា និងវត្តមានរបស់កូនរបស់ខ្លួន ដើម្បីធានាការអប់រំរបស់សិស្សឱ្យមានគុណភាព។
សម្ដេចធិបតីបង្ហាញការ អាណិតអាសូរ ខណៈមានឪពុកម្ដាយមួយចំនួនបានសំពះកូនកុំឱ្យធ្វើអំពើខុសឆ្គងនៅក្នុងសង្គម កុំខូចខិល។ សម្ដេចបន្តថា មានតែឪពុកម្ដាយ និងគ្រូបង្រៀនទេ ដែលខ្វល់ខ្វាយចង់ឱ្យកូន និងសិស្សចេះ ចំណែកបើក្នុងសង្គម កន្លែងការងារគេមិនខ្វល់ជាមួយយើងនោះទេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអប់រំមាន ៣កន្លែង គឺនៅសាលា នៅផ្ទះ និងនៅក្នុងសង្គម។ សម្ដេចធិបតី បញ្ជាក់ថា អាជីពគ្រូបង្រៀនមិនមែនជាអាជីពធ្វើមហាសេដ្ឋីទេ ប៉ុន្ដែអាជីពគ្រូបង្រៀនទទួលបានមហាសេដ្ឋីកិត្តិយស។ មានតែអាជីពគ្រូបង្រៀននេះទេ អង្គុយញញឹមពេលឃើញសិស្សទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងជីវិត ដូចពាក្យខ្មែរថា «គ្រូបង្រៀនជាឪពុកម្ដាយទីពីររបស់សិស្ស»។
សម្ដេចធិបតី បន្ដថា ឥឡូវនេះតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានតម្រូវការពឹងផ្អែកលើធនធានមនុស្សច្រើន ដែលត្រូវជំរុញឱ្យក្រសួងអប់រំ ត្រូវពង្រឹងលើការបណ្ដុះបណ្ដាលសិស្សនៅកម្រិតបឋមនិងអនុវិទ្យាល័យឱ្យបានច្រើន ដើម្បីទទួលបានបរិមាណ និងគុណភាពធនធានមនុស្សគ្រប់គ្រាន់របស់កម្ពុជា។
ជាមួយគ្នានេះ សម្ដេចធិបតីបានប្ដេជ្ញាចិត្ដលើកកម្ពស់វិស័យអប់រំឱ្យកាន់តែរីកចម្រើន ដើម្បីធ្វើឱ្យគ្រប់សាលារៀនទាំងអស់មានបំពាក់ឧបករណ៍សិក្សារៀនសូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្ស ៕