នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានជំនួបជាមួយអង្គទូតបរទេសប្រចាំកម្ពុជា ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ។ ជំនួបនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
សូមបញ្ជាក់ថា៖ ១) សារបាន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានឈ្លានពានទឹកដីកម្ពុជានៅតំបន់មុំបី ដោយទាហានថៃបានបាញ់ប្រហារមុន មកលើទាហានខ្មែរ ដែលបណ្ដាលឱ្យលោក សួន រោន ដែលជាកម្លាំងការពារបូរណភាពដែនដីខ្មែរ បានពលីជីវិត។ ២) ការវិវត្តនៃស្ថានការណ៍កាន់តែតានតឹង បន្ទាប់ពីហេតុការណ៍នៅថ្ងៃទី២៨ ឧសភា ភាគីថៃបែរជាចោទប្រកាន់កម្ពុជាថា ជាអ្នកផ្ទុះអាវុធមុន ហើយតាមរយៈទង្វើឯកតោភាគីរបស់ភាគីថៃជាបន្តបន្ទាប់ បានជំរុញឱ្យទំនាក់ទំនងកម្ពុជាថៃ និង ស្ថានភាពតាមបន្ទាត់ព្រំដែនបានវិវត្តកាន់តែតានតឹងឡើងៗ។ វិធានការ និងសកម្មភាពរបស់ថៃជាបន្តបន្ទាប់ បានបំពាន និងគំរាមកំហែងមកលើកម្ពុជា ក្នុងនោះដូចជាការបន្ថយម៉ោងបើកច្រកទ្វារព្រំដែនដោយ ឯកតោភាគី ការគំរាមក្នុងការផ្តាច់អីនធឺណិត និងឈប់ផ្គត់ផ្គង់អគ្គិសនី មកកម្ពុជាជាដើម។
ទោះកម្ពុជា ជាអ្នកស្រឡាញ់សន្តិភាព មិនចង់ឱ្យមានការ រីករាលដាលស្ថានភាពតានតឹងចេញពីវិស័យយោធាទៅវិស័យផ្សេងៗ ក៏ដោយតែតាមរយៈវិធានការដោយបំពាន និងការគំរាមកំហែងពី ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបណ្តាវិធានការនានាលើការដ្ឋាន យោធា ការទូត និងច្បាប់ ក៏ដូចជាវិធានការរដ្ឋបាល ការបិទច្រកដូង នៃព្រំដែនកម្ពុជា-ថៃ ការឈប់ទិញអីនធឺណិតពីប្រទេសថៃ និងការ ឈប់បញ្ចាំងភាពយន្តថៃ ព្រមទាំងវិធានការត្រៀមនានា ដើម្បីការពារ ប្រយោជន៍ និងកិត្តិយសប្រជាជាតិខ្មែរ។វិធានការទាំងនេះ គឺធ្វើឡើង ដើម្បីការពារនូវភាពយុត្តិធម៌ សេចក្តីត្រឹមត្រូវ សុចរិតភាព ប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជនកម្ពុជា។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០ នាទីព្រឹក ម៉ោងនៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទីរសៀល ម៉ោងនៅរាជធានីភ្នំពេញ) លោកស្រី គឹមសួរ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បានប្រគល់ដោយផ្ទាល់ដៃនូវលិខិតរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនលោក Philippe GAUTIER ក្រឡាបញ្ជីនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជម្រាបជូនពីគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យស្នើតាមនីតិវិធី ពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីសុំតុលាការកំពូលនេះធ្វើការវិនិច្ឆ័យជម្លោះព្រំដែននេះ។ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។
កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ ៕