កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ត្រូវបានបិទបញ្ចប់ មិនទាន់ចេញផ្លែផ្កា
ថ្ងៃទី ៖ 14-06-2025, ដោយ Dara007 , 111 Views
ភ្នំពេញៈ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ត្រូវបានបិទបញ្ចប់ មិនទាន់ចេញផ្លែផ្កានៅឡើយទេ ដោយរង់ចាំបន្ដកិច្ចប្រជុំនៅថ្ងៃស្អែក វេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥បន្ថែមទៀត។
នៅវេលាម៉ោងជិត៤រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ ថ្ងៃដំបូងត្រូវបានបិទបញ្ចប់បណ្ដោះអាសន្ន ដោយកិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។
មុនដំណើរការកិច្ចប្រជុំនេះ ភាគីកម្ពុជា-ថៃ បានរៀបចំកិច្ចប្រជុំចង្អៀតមួយផងដែរ ហើយកិច្ចប្រជុំចង្អៀតនោះ មានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។ យ៉ាងណាមិញ លទ្ធផលនៃកិច្ចប្រជុំចង្អៀតនោះ មិនទាន់ត្រូវបានភាគីទាំង២នាក់បញ្ជាក់ឲ្យដឹងនៅឡើយទេ៕
|