លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានចាត់ទុកវិធានការរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គឺជាការឆ្លើយតបដ៏មានប្រសិទ្ធភាពទៅនឹងការគំរាមរបស់ក្រមជ្រុលនិយមថៃ ដែលចង់កាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណេតដល់កម្ពុជា។
លោកបញ្ជាក់ថា៖«យើងខ្ញុំជាសហជីពទាំងអស់ សូមប្រកាសគាំទ្រទាំងស្រុងនូវខ្លឹមសារដែលមានទាំង៦ ចំណុចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដោយមានការជឿជាក់យ៉ាងមុតមាំបំផុតនូវវិធានការដែលបានដាក់ចេញជាចំណាត់ការដែលជាយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសប្រកាន់ភ្ជាប់នូវស្មារតីស្នេហាជាតិ និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ក្នុងការការពារនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា»។
លោកបានមើលឃើញពីភាពឈ្លាសវៃរបស់សម្តេចធិបតីក្នុងការបញ្ជាឱ្យក្រសួងស្ថាប័នរបស់កម្ពុជាពិនិត្យ និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីជាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្តាច់អ្វីផ្សេងទៀត។
ជាមួយគ្នានេះ CWPUC បានគាំទ្រសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមទៅកាន់រាជរដ្ឋាភិបាលក្នុងករណីភាគីថែមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី គឺកម្ពុជាត្រូវបិទការផ្សាយភាពយន្តថៃ និងឈានដល់ការបញ្ឈប់ការនាំចូលទំនិញថែមកកាន់កម្ពុជា ហើយបើសិនជាថៃនៅតែប្រមាថកម្ពុជា នោះកម្ពុជានឹងឈានទៅឈប់ប្រើទំនិញថែទាំងស្រុងជំនួសជាប់ការប្រើទំនិញក្នុងស្រុក។
ករណីនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ ឬមិនកាត់នៅពេលណាមួយនោះ គឺកម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណិតខ្លួនឯង ដោយមិនចាំបាច់ទិញពីប្រទេសថៃ៕