ក្នុងចំណោមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ គឺមានសារព័ត៌មានមកពីប្រទេសថៃចំនួន៨ស្ថាប័ន ដើម្បីចូលរួមថត និងយកព័ត៌មានក្នុងព្រឹត្តិការណ៍ដ៍សំខាន់មួយនេះ ។
បើតាមនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសថា នៅថ្ងៃសៅរ៍ ទី១៤ មិថុនា ឆ្នាំ ២០២៥ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ បានជួបប្រជុំគ្នាក្រោយពីខកខានប្រជុំអស់រយៈពេល ១២ឆ្នាំ។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។
បើតាមសម្ដេច ហ៊ុន ម៉ាណែត មេដឹកនាំរបស់កម្ពុជា បានបញ្ជាក់ជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា បញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ÷ ១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC នេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ២០២៥ ខានស្អែកនេះ។ ២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សម្ពាធពីខាងក្រៅ។
សម្ដេចថា ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរនោះទេ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច៕