ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទ“មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា” នៅវិទ្យាស្ថានជាតិអប់រំ នៅរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា គ្រាន់តែរាជរដ្ឋាភិបាល មិនទាន់បានឆ្លើយតប ទៅនឹងសកម្មភាពរបស់ប្រទេសថៃ ដែលបានបំពានលើទឹកដីកម្ពុជា បែរជាមានគេចោទថា បានលក់ទឹកដី លក់ប្រសាទទៅឱ្យគេហើយ ព្រោះខ្លាចគេ ខណៈដែលសម្តេចអះអាងថា កម្ពុជា មិនបានលក់ទឹកដី លក់ប្រាសាទឱ្យនរណាទេ ។
ទន្ទឹមនេះក៏មានសាធារណជនទាំងក្នុង និងក្រៅប្រទេស បានភ្ញាក់ផ្អើលជាខ្លាំងចំពោះសមត្ថភាពរបស់កម្ពុជា នៅក្នុងការធានាផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធអ៊ីនធឺណែត ដោយខ្លួនឯង បន្ទាប់ពីបញ្ចប់ការទិញពីប្រទេសថៃផងដែរ។
សម្តេចធិបតីបញ្ជាក់ថា ពេលខ្លះ មិនបាច់បកស្រាយគ្រប់ពេលនោះទេ ចាំភស្តុតាងជាក់ស្តែង លាតត្រដាងតែម្តង ជាក់ស្តែងភស្តុតាង ដែលឃើញនូវភាពម្ចាស់ការនៅក្នុងការធានាអគ្គិសនី និងធានាអ៊ីនធឺណេតខ្លួនឯង នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដោយមិនចាំបាច់ពឹងប្រទេសថៃនោះ គឺអាចបង្ហាញនូវផលជាក់ស្តែង និងចក្ខុវិស័យជាក់ស្តែង របស់សម្តេចតេជោ នៅពេលនោះ ។
សម្តេចធិបតី បានបញ្ជាក់ថា ទាំងសម្តេចផ្ទាល់ និងសម្តេចតេជោ គឺមិនមានបំណងណាលក់ប្រទេស ឬមួយលក់អ្វីឱ្យបរទេសនោះទេ មានតែខិតខំធ្វើយ៉ាងណា ធ្វើគ្រប់វិធីសាស្ត្រ រួមទាំងការវិនិយោគពីបរទេស ទាក់ទាញដើម្បីឱ្យកម្ពុជាខ្លាំង ម្ចាស់ការឯករាជ្យដោយខ្លួនឯង ពេលណាដែលចាំបាច់ ដូចករណីជាមួយថៃ ។
លើសពីនេះ សម្តេចធិបតី បានអះអាងថា ការធ្វើសកម្មភាពនយោបាយ មិនចាំបាច់លោតកញ្ឆេងកញ្ឆាងនោះទេ ការធានាម្ចាស់ការ និងច្បាស់លាស់ ដោយមិនអាចលោតម្តងលិច ម្តងកើត រេរាតាមខ្យល់ដូចចុងស្រល់នោះទេ ត្រូវមានភាពអត់ធ្មត់ មានភាពចាស់ទុំ ច្បាស់លាស់ ខណៈដែលមិនប្រាកដថា អ្នកលោតកញ្ឆេងកញ្ឆាង ស្រែកចេកចាច ពូកែជាងអ្នកអត់លោតនោះទេ៕