មានប្រសាសន៍ក្នុងឱកាសអញ្ជើញបើកបឋកថា ក្រោមប្រធានបទ«កម្ពុជា និងអាស៊ាន,អាស៊ាន និងពិភពលោក» ក្នុងពិធីកម្រប់ខួប ២៦ឆ្នាំដែលកម្ពុជាចូលជាសមាជិកអាស៊ាន ពីលេខាធិការដ្ឋានអាស៊ានក្នុងរដ្ឋធានីហ្សាការតានៃសាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍បន្ដថា អ្វីដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់សម្រេចមិនបាន គឺការបញ្ចប់សង្គ្រាមនៅកម្ពុជា។
សម្តេចតេជោ បានបន្ដថា បើគ្មានតួនាទីរបស់ សម្តេចព្រះនរោត្តម សីហនុ ក៏គ្មានការសម្របសម្រួលស្ថានការណ៍កម្ពុជា នៅពេលនោះបានដែរ។ សម្តេចតេជោ បានបញ្ជាក់ថា គ្រាន់តែការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរៀបចំដោយអ៊ុនតាក់ មានន័យថា អ៊ុនតាក់បរាជ័យបាត់ទៅហើយ។ ក៏ប៉ុន្តែ គណបក្សនយោបាយទាំងអស់ គោរពសម្តេច ព្រះនរោត្តម សីហនុ លើកលែងតែខ្មែរក្រហមប៉ុណ្ណោះ។ ការបោះឆ្នោតជាសាកលនៅកម្ពុជា ដែលរៀបចំឡើងដោយអ៊ុនតាក់ ត្រូវបានរៀបចំធ្វើឡើងប្រព្រឹត្តទៅនៅថ្ងៃ២៣ ទៅ២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយមានគណបក្សចូលរួមចំនួន២០។ បក្សដែលជាប់ឆ្នោត រួមមាន គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សប្រជាជនកម្ពុជា គណបក្សសម្តេច សឺន សាន និងគណបក្សម៉ូលីណាកា។
សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា ថ្ងៃដែលសភាធម្មនុញ្ញ ក្លាយជាសភាជាតិ និងបង្កើតរដ្ឋាភិបាល ប្រធានអ៊ុនតាក់ អនុប្រធានអ៊ុនតាក់ និងមេបញ្ជាការអ៊ុនតាក់ បានដកចេញទាំងយប់ពីកម្ពុជា ព្រោះក្លាចជាប់ផុង។
សម្តេចតេជោ បានបន្តថា អ៊ុនតាក់បានត្រឹមតែបង្កើតសន្តិភាពមួយផ្នែក តែសង្គ្រាមនៅតែមួយ ដោយមួយផ្នែកត្រួតត្រាដោយខ្មែរក្រហម និងម្ខាងទៀតត្រួតត្រាដោយរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ការបង្កើតរដ្ឋធម្មនុញ្ញ នៅឆ្នាំ១៩៩៣ កម្ពុជាមិនទាន់មានសន្តិភាពទាំងស្រុងទេ។ ប៉ុន្តែ ចាប់ពីឆ្នាំ១៩៩៨មក គឺជាប្រវត្តិសាស្ត្រដែលកម្ពុជា មានសភាតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ៕