សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានហៅរដ្ឋមន្រ្ដីក្រសួងចំនួន២ មកវះកាត់មុនបុណ្យចូលឆ្នាំ ដែលឱ្យមកពិភាក្សាគ្នា និងបែងចែកការងារគ្នាឱ្យបានច្បាស់លាស់ ដើម្បីបំពេញការងារឱ្យមានភាពរលូនចាប់ពីឆ្នាំថ្មីនេះហើយ ខណៈដែលកន្លងមក កិច្ចការមួយចំនួននៅតាមក្រសួង ស្ថាប័ន មាននីតិវិធីចាស់ នាំឱ្យមានការរាំងស្ទះក្នុងកិច្ចការងារមួយចំនួន ដោយសម្រេចដាក់នីតិវិធីអ្វីដែលសាមញ្ញងាយស្រួលដល់ប្រជាពលរដ្ឋ ។
សម្ដេចធិបតីថ្លែងថា «មុនចូលឆ្នាំបានហៅវះកាត់ក្រសួងពីរ លោក អូន ព័ន្ធមុន្នីរ័ត្ន ជជែកគ្នាអត់មានខុសនោះទេបទដ្ឋានតួរនាទីភារកិច្ច មានការប្រទាក់ក្រឡាគ្នាខ្លះ ប៉ុន្ដែញែកគ្នាអត់ដាច់ អ៊ីចឹងត្រូវវះកាត់ឱ្យដាច់ ចឹងខ្ញុំវះកាត់រួចហើយ ដោយហៅរដ្ឋមន្រ្ដីទាំងពីរមកប្រាប់ខ្ញុំ ឥឡូវក្រសួងពីរនឹងមានកិច្ចការងារណាប្រទាក់ក្រឡាខ្ពស់ជាងគេ។ បន្ទាប់ពីរវះកាត់ហើយ ត្រូវសហការគ្នាបែងចែកគ្នាយ៉ាងដូចម្ដេច ខណៈដែលប្រជុំដឹកនាំជិតមួយឆ្នាំអត់ចេញ ដោយខ្ញុំហៅប្រជុំជិត២ម៉ោងដាក់ផាស ដាច់ផាច់ ឆ្នាំថ្មីអាចធ្វើការងារបាន» ជាមួយគ្នានេះ សម្តេចធិបតីណែនាំឱ្យកាត់បន្ថយនីតិវិធីរដ្ឋបាលដ៏ស្មុគស្មាញ ជាពិសេសការតម្រូវឯកសារថតចម្លងច្រើនកន្លែង ហើយក្រសួងស្ថាប័នត្រូវមានការគ្រប់គ្រងឯកសារជាប្រព័ន្ធ ក្នុងការផ្ទៀងផ្ទាត់ឯកសារ ឧទាហរណ៍តាម verify.gov.kh ជាដើម។
ក្នុងន័យនេះ សម្តេចធិបតី មិនចង់ឃើញពលរដ្ឋរត់ការឯកសារទៅមកច្រើនពេកនោះឡើយ គួររៀបចំតាមអនឡាញខ្លះ និងកាត់ចោលខ្លះ ដើម្បីកាត់បន្ថយពេលវេលា និងកាត់បន្ថយការចំណាយ ជាពិសេសលើសេវាជួលអ្នករត់កម្រៃជើងសារជាដើម។
សម្តេចធិបតីបានបញ្ជាក់ថា ដើម្បីឱ្យប្រទេសជាតិរីកចម្រើន ទាល់តែក្រសួងស្ថាប័ននីមួយៗ មានភាពប្រកួតប្រជែងគ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវផ្ដល់សេវាឱ្យបានល្អ ទើបមានការទាក់ទាញ៕