ថ្លែងក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តឧត្ដរមានជ័យជាខេត្តទី១៩ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តមានជ័យ បានសម្ដែងនូវការស្វាគមន៍ និងធ្វើរបាយការបញ្ជាក់ពីស្ថានភាពអនាម័យថា ៖ ប្រជាពលរដ្ឋមាន ៥ក្រុង ស្រុក ១៤ឃុំ ៥សង្កាត់ និង៣០៨ភូមិ ប្រជាពលរដ្ឋតាមខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន គិតជាភាគរយស្មើនឹង ៩២% និងខ្នងផ្ទះដែលប្រើបង្គន់រួមគិតជាភាគរយស្មើនឹង ៨%។ ដូចនេះស្ថានភាពប្រតិបត្តិអនាម័យរបស់ប្រជាពលរដ្ឋនៅទូទាំង ខេត្តឧត្ដរមានជ័យ សម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ១០០% ។
លោក អឿន រតនា ប្រធានអង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ) និងជាតំណាងអង្គការដៃគូអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា បានលើកឡើងពីសាវតា និងសមិទ្ធផលនានាដែលអង្គការស៊ីដូ សម្រេចបានក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត និងអបអរសាទរចំពោះខេត្តឧត្ដរមានជ័យទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ព្រមទាំងបានបញ្ជាក់ថា អង្គកាស៊ីដូ នឹងបន្តកិច្ចសហប្រតិបត្តិកាជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសផែនការ(២០២៥-២០២៧) លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ហេដ្ឋារចនាសម្ព័ន្ធ សំណង់សិល្បការ្យ និងការអភិវឌ្ឍភូមិគំរូផងដែរ ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តឧត្ដរមានជ័យសម្រេចបានលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ការផ្លាស់ប្ដូរទម្លាប់ និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព, ផ្លាស់ប្ដូរពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយបរិស្ថានល្អ មានភាពស៊ីវិល័យ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តរក្សាលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺ រិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus នាពេលដ៏ខ្លីខាងមុខ។
ពាក់ព័ន្ធនឹងកម្មវិធីទឹកស្អាត និងអនាម័យ លោករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ៕