រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបង្កេីតព្រឹត្តិការណ៍ ដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ម៉ែត្រ លៀសចំនួន ៣តោន នៅខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ ក្រុងកំពង់ចាម ដោយអញ្ជេីញបងប្អូន ពូមីងបរិភោគដោយសេរី នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ចាប់ផ្តេីមពីម៉ោង១៤:៣០នាទីរសៀល តទៅ។ សូមបញ្ជាក់អត្ថន័យលេខ ១,០០០ (លៀសហាល ១.០០០ម៉ែត្រ) នេះដូចខាងក្រោម៖ 👉 អត្ថន័យ នៅក្នុងអក្សរសាស្រ្ត៖ ១. លេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា ‘’សហស្ស’’។ ២. សហស្សគុណ = មានគុណភាពច្រើន។ ឧទាហរណ៍: ថ្នាំសហស្សគុណ= ថ្នាំតែមួយមុខ តែអាចព្យាបាលរោគ បានច្រើនមុខ។ ៣. សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ។
👉 អត្ថន័យ នៅក្នុងវប្បធម៌ ប្រពៃណី និងជីវភាពប្រចាំថ្ងៃ ៖ ១. គាថាពាន់ (គាថាបាលីសុទ្ធ ចំនួន ១,០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។ ២. លៀសហាល ជាអាហារ មួយប្រភេទ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឲ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១,០០០ ដែរ។
👉 អត្ថន័យ នៅក្នុងការដឹកនាំ ៖ ១. មានការចូលរួមយ៉ាងច្រេីនលេីសលប់។ ២. សាមគ្គីភាព និងឯកភាពគ្នា។ ការដាក់បង្ហាញលៀសហាល ទំរង់ជាចំណងខ្សែជាប់គ្នា ចេញពីចុងខ្សែ២ ចងភ្ជាប់ជាចំណងតែមួយ។ ដែលខ្សែទី១ ជាចំណងឯកភាព និងខ្សែទី២ ជាចំណងសាមគ្គីភាព នាំមកនូវភាពសម្បូរសប្បាយ រីកចម្រេីន រុងរឿងរាប់ពាន់ឆ្នាំ៕