ក្នុងវេទិកានេអអាជ្ញាធរក្រុងស្រុក និងឃុំសង្កាត់ ទូទាំងខេត្តពោធិ៍សាត់ បានញ្ជើញចូលរួម និងបានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ពង្រឹងការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ និងកាត់បន្ថយប្រភពបំពុល ដែលបង្កឱ្យកើនទ្បើងកំហាប់ជាតិពុលក្នុងខ្យល់ ដែលនាំឱ្យប៉ះពាល់សុខភាពសាធារណៈ ជាពិសេសប្រជាពលរដ្ឋតាមមូលដ្ឋានផ្ទាល់តែម្តង។
លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងដោយអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានត្រូវរួមគ្នាអប់រំផ្សព្វផ្សាយ និងទប់ស្កាត់រាល់បញ្ហាដែលនាំឈានដល់ការប្រែប្រួលគុណភាពខ្យល់ និងគុណភាពខ្យល់ធ្លាក់ចុះ។
លោកមានប្រសាសន៍ថា”បញ្ហាខ្យល់គឺមានសារៈសំខាន់ណាស់ដើម្បីលើកកម្ពស់បញ្ហាសុខភាពសាធារណៈ ។បើយើងមិនរួមគ្នាទប់ស្កាត់ទេបញ្ហាប្រឈមនឹងសុខភាពមិនអាចចៀសផុតឡើយ”។ ហេតុនេះយើងចាំបាច់ណាស់ត្រូវចូលរួមថែរក្សា ការពារបរិស្ថានឱ្យស្រស់ស្អាត ខ្យល់បរិសុទ្ធ។អាជ្ញាធរ ឃុំ-ស្រុក ចាំបាច់ណាស់ ត្រូវចូលរួមផ្សព្វផ្សាយដល់មូលដ្ឋានរបស់ខ្លួនមិនត្រូវដុតសំរាម ដុតជញ្ជ្រាំងស្រូវ ដុតព្រៃ ដែលជះផលអាក្រក់ដល់គុណភាពខ្យល់ ហើយវាសុទ្ធសឹងជះផលអវិជ្ជមានដល់សុខភាពរបស់យើង។
លោក រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងដោយបញ្ជាក់បន្ថែមថាខេត្ត ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកោះកុងជាដើម នៅមានការប្រែប្រួលគុណភាពខ្យល់ខ្លាំង ដែលមានថ្ងៃខ្លះសន្ទស្សន៍គុណភាពខ្យល់ ធ្លាក់ដល់កម្រិតក្រហម ទឹកក្រូច និង លឿងជាដើម។
ដោយឡែកលោក សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្ត ពោធិ៍សាត់បានថ្លែងដោយអំពាវនាវដល់អាជ្ញាធរថ្នាក់ឃុំ ស្រុក ត្រូចូលរួមទប់ស្កាត់ មិនឱ្យប្រជាពលរដ្ឋដុតសំរាម ដុតជញ្ជ្រាំងស្រូវ និងព្រៃដែលជាចំណុចមួយនាំឱ្យបង្កើតជាតិខ្យល់ពុល។
លោកបានថ្លែងដោយបញ្ជាក់ថា៖មន្រ្តីមូលដ្ឋានត្រូវមានវិធានការចូលរួម ហើយទប់ស្កាត់ទាំងអស់គ្នាទើបយើងទទួលបានជោគជ័យ។
ថ្លែងក្នុងពិធីបិទសិក្ខាសាលានាថ្ងៃនេះដែរលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងស្នើសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ ប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ជាមួយគ្នានេះ ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីយកដីខុសច្បាប់ ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាព ល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃ និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ប្រសិនបើមានករណីភ្លើងឆេះព្រៃ ជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុង តំបន់ការពារធម្មជាតិដែលអាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។
គួរបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះខេត្តពោធិ៍សាត់ស្ថិតនៅក្នុងចំណោមខេត្តមួយចំនួនទៀតនៅកម្ពុជា ដែលសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។
អ្នកជំនាញ បានបញ្ជាក់ថា មូលហេតុការប្រែប្រួលអាកាសធាតុ និងករណីឆេះមួយចំនួននៅតាមទីវាល វាលស្មៅ ដើមឈើ អាចបង្កឱ្យមានគុណភាពខ្យល់មានការធ្លាក់ចុះ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើសុំឱ្យប្រជាពលរដ្ឋតាមដានព័ត៌មានគុណភាពខ្យល់របស់ក្រសួងបរិស្ថាន ដែលបានស្រង់ចេញពីស្ថានីយ៍ពិសោធន៍ស្រាវជ្រាវ វាស់ស្ទង់គុណភាពខ្យល់មានលក្ខណៈវិទ្យាសាស្ត្រ៕