ថ្លែងប្រាប់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុក រលួយ អាណត្តិទី៣ លើកទី៤៣ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២៥នេះ លោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយបានឲ្យដឹងថា មន្ត្រីចំនួន ២២.៥៣៤រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះការប្រកាសតាមរបប០២ ឆ្នាំ (២០២៥) មានចំនួន ២២.២៩២រូប គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ (រយៈពេល២៧ថ្ងៃ) ស្មើនឹង ៩៧,៨៧% និងមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១១១ រូប ដោយឡែកមន្ត្រី១៣១រូបទៀត បានមកប្រប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុ បញ្ឈប់ពីមុខតំណែង លាឈប់និងចូលនិវត្តន៍។
លោកបានបញ្ជាក់ថា អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែមករានេះចំនួន ២៤ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ០២ ករណី ដែលមានជនសង្ស័យ០៣ រូបទៅតុលាការ ក្នុងនោះបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តាមបណ្តឹងរបស់កងរាជអាវុធហត្ថ ករណីវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៊ិន សុវណ្ណារិទ្ធ ជំនួយការមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ ទទួលសំណូកក្នុងរយៈពេលជាង២ឆ្នាំ ពីអ្នកលក់គ្រឿងញៀន (និងមាន១ករណី ទៀតទទួលសំណូកពីអ្នកបើកវង់ល្បែងជល់មាន់) ដើម្បីមិនចាប់ពួកលក់ថ្នាំញៀន ពេលសមត្ថកិច្ចផ្សេងទៀត ចុះចាប់អ្នកលក់គ្រឿងញៀន ខ្លួនលួចផ្តល់ដំណឹងឲ្យអ្នកលក់គ្រឿងញៀនគេចខ្លួន និងបទល្មើស១ផ្សេងទៀត (ប្រើប្រាស់រថយន្តមិនបង់ពន្ធ ហើយពាក់ផ្លាកលេខរថយន្តក្លែងក្លាយជាដើម។
មួយទៀតបានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ករណីវរសេនីយ៍ទោ សុខ សង្ខា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត តាកែវ ដែលទទួលសំណូកពីអ្នកជួញដូរគ្រឿងញៀន ៤ ឆ្នាំ ជាប្តូរនឹងការមិនចាប់ការលក់ដូរគ្រឿងញៀន មិនចាប់អ្នកលក់គ្រឿងញៀន ដែលមានដីកាចាប់ខ្លួនពីតុលាការ កែសំណុំរឿងជួញដូរគ្រឿងញៀនពីធ្ងន់មកស្រាល ពីអ្នកជួញដូរគ្រឿងញៀនមកជាអ្នកប្រើប្រាស់គ្រឿងញៀនពេលអនុវត្តច្បាប់តាមគោលដៅចរាចរណ៍ បើរកឃើញអ្នកមានផ្ទុកសារធាតុញៀនក្នុងទឹកនោមបែរជាទារលុយ។
ក្រៅពីបទស៊ីសំណូក សុខ សង្ហា ក៏មានបទល្មើសរំលោភអំណាច បំបាត់ចោលវត្ថុតាង (គ្រឿងញៀន) មិនគោរពនីតិវិធីច្បាប់ គ្មានការសុំការអនុញាត្តពីស្ថាប័នអយ្យការ ហើយប្រព្រឹត្តបំពានក្នុងការកសាងកូនខ្លា (កម្លាំងសម្ងាត់/ភ្នាក់ងារផ្តល់ព័ត៌មាន) ... ។ ក្រៅពីនេះ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង និងអ្នកជំនាញផ្នែកច្បាប់របស់ អ.ប.ព. បានអញ្ជើញផ្តល់បទឧទ្ទេសនាមនូវរមរៀនចំនួន០៦ ស្តីពី "ច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ជូនដល់សិក្ខាកាមជាមេធាវីកម្មសិក្សាសុក្រឹតការវគ្គទី១៧ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីរាជធានីភ្នំពេញ។
បានចូលរួមសង្កេតការណ៍ ការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៅដំណាក់កាលទី២ និងទី៣ ដែលបានដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ។
បំពេញការងារ ចុះសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ១៩គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ០៨រអង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត៕