ទៀតសោត ការដាំដុះថ្នាំជក់ក៏ធ្វើឱ្យខ្សោះជីជាតិដីផងដែរ។ លើសពីនេះ ការទន្រ្ទានដីនិងការកាប់ព្រៃឈើសម្រាប់ដាំថ្នាំជក់និងសម្ងួតស្លឹកថ្នាំជក់គឺធ្វើឱ្យបាត់បង់ផ្ទៃដីព្រៃឈើពិភពលោករហូតដល់៥%។ បន្ថែមពីនេះទៀត ការបំពុលដោយសារជាតិគីមីកសិកម្ម និងការកាប់ព្រៃឈើដោយសារការដាំដុះថ្នាំជក់ បានរួមចំណែកធ្វើឱ្យមានអសន្តិសុខស្បៀងផងដែរ។ ដោយហេតុថា ការដាំដុះថ្នាំជក់គឺបំផ្លាញដីនិងប្រព័ន្ធអេកូឡូស៊ី ដែលធ្លាប់បានប្រើប្រាស់សម្រាប់ការដាំដំណាំអាហារ។
បើនិយាយពីអ្នកប្រើប្រាស់ថ្នាំជក់វិញ គេសង្កេតឃើញថា អ្នកជក់បារីបានចំណាយប្រាក់ចំណូលមួយភាគធំរបស់ខ្លួនទៅលើផលិតផលថ្នាំជក់ ដែលវាមិនត្រឹមតែជាបន្ទុកហិរញ្ញវត្ថុរបស់អ្នកជក់បារីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានកាត់បន្ថយលទ្ធភាពបែងចែកប្រាក់ចំណូលរបស់ខ្លួនទៅលើតម្រូវការចាំបាច់ដូចជាអាហារ ការអប់រំ និងការថែទាំសុខភាពដែរ។ សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប ការយកប្រាក់ចំណូលសម្រាប់ទិញអាហារទៅទិញថ្នាំជក់ នឹងធ្វើឱ្យមានអសន្តិសុខស្បៀងកាន់តែខ្លាំង និងនាំទៅរកកង្វះខាតអាហារសម្រាប់កុមារនិងមនុស្សពេញវ័យ ព្រមទាំងកង្វះអាហារូបត្ថម្ភដែលប៉ះពាល់ជាអវិជ្ជមានដល់ការលូតលាស់រាងកាយ ចិត្តគំនិត និងការរៀនសូត្រផងដែរ។
ក្នុងរយៈពេលវែង ការប្រើប្រាស់ថ្នាំជក់ជះឥទ្ធពលយ៉ាងធ្ងន់ធ្ងរទៅលើភាពក្រីក្រ ខណៈដែលជំងឺធ្ងន់ធ្ងរនឹងនាំទៅរកការចំណាយព្យាបាលយ៉ាងច្រើន។ លើសពីនេះ វាធ្វើឱ្យពួកគេបាត់បង់ចំណូលដោយសារពិការភាព និងស្លាប់មុនអាយុកំណត់ដោយសារជំងឺដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់។
សរុបមក យើងមិនគួរលើកទឹកចិត្តឱ្យមានការដាំដុះដំណាំថ្នាំជក់ទេ ព្រោះថាដំណាំថ្នាំជក់នេះ ផ្ដល់ផលប៉ះពាល់តាំងពីការចាប់ផ្ដើមដាំដុះដំបូងរហូតដល់អ្នកប្រើប្រាស់ចុងក្រោយ។
គួរបញ្ជាក់ផងដែរថា អង្គការសុខភាពពិភពលោក បានផ្ដល់អនុសាសន៍ឱ្យកម្ពុជាយើងដំឡើងពន្ធថ្នាំជក់ឱ្យបានយ៉ាងហោចណាស់៧០%នៃតម្លៃលក់រាយ ហើយការដំឡើងពន្ធថ្នាំជក់នេះទៀតសោត នឹងអាចបង្កើននូវចំណូលពន្ធរដ្ឋបន្ថែមផងដែរ៕