ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ចំនួន ១០៣.០១៤បណ្ណ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅ ស្រុកស្ទឹងត្រង់ ខេកំពង់ចាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួចដល់ប្រជាពលរដ្ឋ កុំចាញ់បោកការឃោសនា អកុសលមួយចំនួនពីសំណាក់ជនអគតិ ដើម្បីឲ្យបងប្អូនទៅចាប់ដី និងកាប់ព្រៃរដ្ឋដើម្បីយកដីឲ្យសោះ ដែលធ្វើឱ្យប្រឈមមុខនឹងផ្លូវច្បាប់។
សម្តេចបវរធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវការឱ្យប្រជាពលរដ្ឋ មានការចូលរួមលុបបំបាត់ជម្លោះដីធ្លី នេះ ដោយកុំជឿតាមការឃោសនារបស់មេខ្យល់ឱ្យសោះ ដោយសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល គឺធ្វើអ្វីៗដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។
សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងប្រើយន្តការស្របច្បាប់ចែកដីជូនប្រជាពលរដ្ឋដែលមិនមានដីពិតប្រាកដ និងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
សម្ដេចធិបតីបន្ដថា រាជរដ្ឋាភិបាលបានជំរុញការវាស់វែងដីធ្លីបានជាង៣ លាន៤សែនក្បាលដី និងជំរុញគោលដៅការវាស់វែងឲ្យបញ្ចប់នៅឆ្នាំ២០២៥ នឹងឈានទៅចែកប័ណ្ណជូនប្រជាពលរដ្ឋទូទាំងប្រទេសនៅឆ្នាំ២០២៧។ រាជរដ្ឋាភិបាលចុះវាស់វែងដីធ្លីនិងចែកប័ណ្ណជូនប្រជាពលរដ្ឋពិតប្រាកដមិនមែនចែកតាម facebook នោះទេ។
ជាមួយគ្នានេះ សម្ដេចធិបតីបានចាត់មន្ត្រីជាង ៥០០០ នាក់ និងទម្លាក់ថវិកាបន្ថែម ដើម្បីពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះ សម្តេចបវរធិបតីផ្ដាំទៅមេខ្យល់ដកខ្លួនជាបន្ទាន់ ដោយកុំយកពលរដ្ឋទៅយកដីរដ្ឋឱ្យសោះ ប្រសិនបើរកឃើញនឹងអនុវត្ដតាមច្បាប់ដោយគ្មានការលើកលែងនោះទេ៕