ខេត្តកំពង់ចាម ដែលជាខេត្តទី១ ក្នុងចំណោមរាជធានីខេត្តទាំង២៥ ដែលបានបញ្ចប់ទាំងស្រុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ ដោយចាប់ដំណើរការតាំងពីអំឡុងឆ្នាំ២០០៣ រហូតមកទល់ពេលបច្ចុប្បន្ន មានរយៈពេល ២១ឆ្នាំ)។ មកដល់ពេលេនះ បានសម្រេចការងារទាំងស្រុងដូចខាងក្រោម៖ ទី១- ធ្វើការប្រកាសតំបន់វិនិច្ឆ័យបាន នៅគ្រប់ភូមិ ទូទាំងខេត្ត ទី២- ប្រមូលទិន្នន័យ និងវាស់វែងបាន ៩១៧.៧៩៥ក្បាលដី លើចំនួនក្បាលដីដែលប៉ាន់ ប្រមាណទូទាំងខេត្តប្រមាណ ៩២៤,៤២១ក្បាលដី គិតជាភាគរយស្មើនឹង ៩៩ភាគរយ។ ទី៣- បិទផ្សាយជាសាធារណៈចំនួន ៩២០.១៧៧ ក្បាលដី លើចំនួនក្បាលដីដែលបានវាស់ វែង និងវិនិច្ឆ័យរួចទូទាំងខេត្តកំពង់ចាម ចំនួន ៩១៧.៧៩៥ក្បាលដី គិតជាភាគរយ ស្មើនឹង ១០០ភាគរយ។ ទី៤- បានបញ្ចប់ជាស្ថាពរនូវការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធទាំង ១០ក្រុង-ស្រុក នៃ ខេត្តកំពង់ចាម នៅថ្ងៃទី១៥-០៥-២០២៤ ។ ទី៥- ចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួន ៨៩៥.៤៩៨ ក្បាលដី លើចំនួនក្បាលដី ដែលបានបិទផ្សាយរួចទូទាំងខេត្តកំពងចាម ៩១៧.៧៩៥ក្បាលដី គិតជាភាគរយ ស្មើនឹង ៩៨ ភាគរយ ។
នេះជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងស្មារតីនៃការបន្តអភិវឌ្ឍ បែងចែកផ្កាផ្លែនៃ សុខសន្តិភាព ជាពិសេស ការបន្តមរតកសមិទ្ធផល នៃរដ្ឋបុរសកម្ពុជា និងការបន្តដឹកនាំនាវាកម្ពុជា ដើម្បីកសាង «សង្គមជាតិកម្ពុជាសហសម័យ» រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកប ដោយទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បាននិងកំពុងបន្តបុកគ្រឹះ ថែរក្សា ការពារ ពូនជ្រំសមិទ្ធផលទាំងឡាយដែលសម្រេច បានកន្លងមក និងធានាបាននូវនិរន្តរភាពការងារ ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង។ ជាក់ស្តែង ក្នុង វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្តេចធិបតី បានផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ សន្តិភាព ផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ តាមរយៈគោលនយោបាយនៃ «ការចុះបញ្ជី ដីបង្ហើយ»។
ប្រជាពលរដ្ឋដែលទទួលបានកម្មសិទ្ធិស្របច្បាប់ បានសម្តែងនូវការគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដាក់ឱ្យអនុវត្តបទបញ្ជាលេខ ០១បប និងបានចាត់តាំងយុវជនស្ម័គ្រចិត្តសម្តេចតេជោ គាំទ្រ ដល់គោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី ចុះមកបំពេញបេសកកម្មវាស់វែងដីធ្លី និង ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ និងរស់នៅលើដីធ្លីរដ្ឋដោយមិនទាន់ស្របច្បាប់។ គុណបំណាច់ដ៏ថ្លៃថ្លានេះ ពិតជាបានជួយបងប្អូនប្រជាពលរដ្ឋឱ្យទទួលបានមរតកស្របច្បាប់ ជួយ កាត់បន្ថយ ឬបញ្ចប់ទាំងស្រុងនូវវិវាទដីធ្លី និងឈានទៅលុបបំបាត់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ លើដីធ្លីរបស់រដ្ឋ៕