ក្នុងការអនុញ្ញាតឱ្យ លោក អូឡេកសាន់ឌឺ ហ្កាម៉ាន (Oleksandr Gaman) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងការសោកស្តាយចំពោះ សោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបានកើតឡើងនៅអ៊ុយក្រែន ក្នុងរយៈកាល ៣ឆ្នាំកន្លងទៅនេះ។
សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាស្គាល់ច្បាស់ផលលំបាកទុក្ខវេទនា និងរសជាតិសង្រ្គាម ហើយសម្តេចដឹងយ៉ាងប្រាកដថា “មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ”។
សម្តេចតេជោ ក៏បានបន្តថា សម្តេច បានលះបង់អំណាចពេលដែល សម្តេចនៅមានកម្លាំង និងមានប្រជាប្រិយភាពខ្ពស់បំផុត ដើម្បីប្តូរនឹងសុខសន្តិភាព និង ស្ថិរភាពរយៈពេលវែងសម្រាប់កម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា កម្ពុជាយល់ច្បាស់ពីសង្គ្រាម ហើយវាមិនមែនជាការចៃដន្យនោះទេ ដែលកម្ពុជាជ្រើសយកការគោរពតាមច្បាប់អន្តរជាតិ ដើម្បីរក្សាបានសុខសន្តិភាព ហើយជំហរនេះ កម្ពុជានឹងមិនផ្លាល់ប្តូរនោះឡើយ។
សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជានឹងបន្តយន្តការគាំទ្រ និងបណ្តុះបណ្តាលអ្នកដោះមីន ដោយសហការជាមួយប្រទេសជប៉ុន។
សម្តេចបានរំលឹកថា សម្តេច បានឆ្លើយតបទៅនឹង លោក ប្រធានសភាអ៊ុយក្រែនថា កម្ពុជាអាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព (រួមទាំង អ្នកដោះមីន) ទៅក្រៅប្រទេស តែក្នុងលក្ខខណ្ឌក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ។
ក្នុងឋានៈជាមេដឹកនាំកម្ពុជានិងប្រធានអាស៊ាន នាពេលកន្លងមក សម្តេចតេជោ បានបន្តចែករំលែកជាមួយនឹង លោក Oleksandr Gaman នូវបទពិសោធ និងទស្សនៈរបស់សម្តេច លើអភិក្រម យុទ្ធសាស្ត្រគ្រប់គ្រងស្ថានការណ៍សង្គ្រាម និងយុទ្ធសាស្ត្រនៃកិច្ចការចរចាស្វែងរកសន្តិភាពជូនកម្ពុជា ដោយគូសបញ្ជាក់ថា រាល់ការចរចាសន្តិភាព ដែលទទួលបានជោគជ័យ ត្រូវតែមានការចូលរួមពីភាគីជម្លោះពាក់ព័ន្ធ ហើយត្រូវចាប់ពីតូចទៅធំ។
នាឱកាសនោះ លោក Oleksandr Gaman បានថ្លែងអំណរគុណ សម្តេចតេជោ និងសម្តែងនូវក្តីរីករាយដែលបាន ជួប សម្តេច សាជាថ្មី បន្ទាប់ពីជំនួបនៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។
លោក បានថ្លែងអំណរគុណ សម្តេច ដែល ប្រទេសកម្ពុជាកន្លងមក មានគោលជំហរជ្រើសយកច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពានរុស្ស៊ី និងសមានចិត្តចំពោះប្រទេសអ៊ុយក្រែន តាមរយៈការគាំទ្រនានាជាបន្តបន្ទាប់។
លោក ក៏បានជម្រាបជូន សម្តេចតេជោ កិច្ចប្រជុំកំពូលលើកទី១ស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅប្រទេសស្វីស កាលពីខែមិថុនា ឆ្នាំ២០២៤ និងបច្ចុប្បន្នភាពនៃស្ថានភាពដ៏លំបាកលំបិនដែលអ៊ុយក្រែនកំពុងជួបប្រទះផងដែរ។
លោក Oleksandr Gaman បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលបានជួយ
បណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ជាច្រើនលើក ។
លោក បានបញ្ជាក់ថា អ៊ុយក្រែន អាចនឹងប្រើពេលប្រមាណ ១០០ឆ្នាំ ក្នុងការបោសសម្អាតមីនទូទាំងប្រទេស ប្រសិនបើគ្មានការចូលរួមគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំង កម្ពុជា៕