សំនួរសួរថា «តើលិខិតអញ្ជើញរបស់ក្រុង ឬស្រុក ទៅអធិការរង ហេតុអីមិនមានការអញ្ជើញអធិការ អូរយ៉ាដាវ មូលហេតុអី បង អ្នកនាំពាក្យ ?» លោក ម៉ឹង ស៊ីនាថ បានតបតាមរយៈសំណេរថា «សូមសួរទៅលោកអភិបាលស្រុកវិញ ព្រោះអធិការដ្ឋាននគរបាលស្រុក ស្ថិតក្នុងដែនសមត្ថកិច្ចស្រុក» ។ សារព័ត៌មាន Cam Post មិនអាចទំនាក់ទំនងសុំការបំភ្លឺពីអភិបាលស្រុក និងអធិការនគរបាលស្រុកអូរយ៉ាដាវ បានទេនៅថ្ងៃព្រហស្បតិ៍នេះ ។
យោងតាមសំណេរ លោក ផែង វណ្ណ: បានលើកឡើងថា «ល្បិចស្វាយស៉ីបាយរួចលាបមាត់ពពែ !» យេីងធ្លាប់តែបានដឹងបានឮតាមរឿងនិទានប៉ុណ្ណោះអំពីរឿង ល្បិចស្វាយស៉ីបាយរួចលាបមាត់ពពែ ។ តែពេលនេះមិនមែនស្វាទេ គឺ អភិបាលស្រុក អូរយ៉ាដាវ លោក ហេង ប៊ុន្នី ជាអ្នកចុះហត្ថលខាអោយ ក្រុមហ៊ុនសៀងហៃរីហ្សត បង្កេីតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូផ្សងសំណាងនៅក្នុងមូលដ្ឋានស្រុករបស់ខ្លួនតាមរយៈលិខិតលេខ០៥៧/២៣ស.ជ.ណ ចុះថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣ ។ តែនៅពីក្រោយការអនុញ្ញាតនេះ លោក អភិបាលស្រុក បែជាធ្វើរបាយការណ៍សម្លាប់ អធិការស្រុកដោយចោទ ថា អធិការស្រុកអូរយ៉ាដាវជាអ្នកអន្តរាគមន៍អោយមានឆ្នោតឡូតូផ្សងសំណាងនៅក្នុងមូលដ្ឋានស្រុកទៅវិញ ។
បើតាម លោក ផែង វណ្ណៈ ករណីនេះ ក្រសួងមហាផ្ទៃ គួរបង្កេីតក្រុមអធិការកិច្ចចុះស្រាវជ្រាវរកការពិត តេី អភិបាលស្រុក និង អធិការ មានបញ្ហាអ្វីពិតប្រាកដ ? ជាពិសេសភាពមិនប្រក្រតីរបស់អភិបាលស្រុកដែល បំពានច្បាប់ចុះហត្ថលេខាអោយក្រុមហ៊ុនបង្កើតប៉ុស្តិ៍សេវ៉ាទាំងខ្លួនគ្មានសមត្ថកិច្ច ។ ការសម្រេចអោយបង្កេីតប៉ុស្តិ៍សេវ៉ា មានតែគណៈកម្មាការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ គ.ល.ក តែប៉ុណ្ណោះ ។ ចុះអភិបាលស្រុក ធ្វើតាមចិត្តបែបនេះ មានន័យដូចម្តេច ?
សូមបញ្ជាក់ថា កាលពីថ្ងៃពុធ មានការរិះគន់តាមបណ្ដាញសង្គមរឿង លិខិតអញ្ជើញអធិការរង ស្រុកអូរយ៉ាដាវ ងយ ដន ឱ្យមកចូលរួមប្រជុំការងារ ដែលគ្មានវត្តមាន អធិការ លោក សូយ សំណាង តើមូលហេតុអ្វី ។ ជាមួយគ្នានោះ លោក ផែង វណ្ណៈ បានបង្ហោះសំណេរថា «ល្បិចដែលអភិបាលស្រុក អូរយ៉ាដាវ ធ្វើរបាយការណ៍លាបពណ៌ លោកវរៈសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ ទៅឯកឧត្ដម អភិបាលខេត្ត អភិបាលខេត្ត ចារបញ្ជូនទៅ លោកស្នងការខេត្ត ប្រជុំវាយតម្លៃ»។ អ្នករិះគន់មិនសូវសំចៃមាត់ លោក ផែង វណ្ណៈ បានបន្តថា «បងប្អូនឆ្ងល់ទេ ហេតុអ្វីបានខ្ញុំឃេីញលិខិត អញ្ជើញរបស់លោកអភិបាលស្រុកអូរយ៉ាដាវ អញ្ជើញតែ អធិការរងស្រុកអោយទៅចូលរួមប្រជុំ ?
ស្ទើរតែគ្រប់លិខិតអញ្ជើញ អភិបាលស្រុក មិនអញ្ជេីញ អធិការស្រុកទេ គឺអញ្ជើញតែ អធិការរង ហើយ ធ្វើរបាយការណ៍ចោទប្រកាន់លាបពណ៌ ថា អធិការស្រុក មិនដែលមកធ្វើការ ។ នេះជាល្បិចលាបពណ៌កំចាត់មន្ត្រីស្មោះត្រង់បំរើរាស្ត្រ របស់ អភិបាលស្រុកអូរយ៉ាដាវ»។ ធាតុពិតជាក់ស្ដែង លោកវរៈសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុក អូរយ៉ាដាវ ទៅធ្វើការងាររាល់ថ្ងៃ មិនដែល អវត្តមានទេ ។ ជាពិសេសសួរបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច ស្រុក អូរយ៉ាដាវទៅ អ្នកណាក៏គេដឹងថា លោកអធិការសូយ សំណាង ជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្មានគិតយប់ថ្ងៃដែរ ។
ខាងក្រោមនេះ ជាលិខិតអញ្ជើញរបស់ អភិបាលស្រុក អូរយ៉ាដាវ ។ អធិការដ្ឋាននគរបាលស្រុកមួយមានអធិការដឹកនាំ និង អធិការរងមួយចំនួនទៀត ហេតុអ្វីមិនអញ្ជើញ អធិការ បែជាមកអញ្ជើញតែអធិការរង ?
យោងតាមសំណេរ លោក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានសរសេរនៅថ្ងៃពុធនេះថា «មនុស្សមួយចំនួនអាងអំណាចខ្លួន ដើរលាបពណ៌ដាក់គេ អាងខ្សែធំ បក្សពួកនិយមធ្វើបាបគេច្រើនគ្នាហើយ ប្រឌិតរឿង(សទៅជាខ្មៅ) កុំគិតថាលោកធំ គ្រួសារលោកធំ ខ្ញុំគ្មានខ្សែគ្មានលុយ ខ្ញុំធ្វើតែអំពើល្អ ខ្ញុំមានតែបេះដូងបំរើការងារសង្គមជាតិនិងសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបបញ្ហា ខ្ញុំជួយអន្តរាគមន៍ខុសដែរឬ លោកច្រណែនដែរ ម្តេចលោកខ្លួនឯងមិនធ្វើឲ្យល្អទៅ ខ្ញុំមិនមាត់ ខ្ញុំសុំតែសុខទេ» ។
លោក បញ្ជាក់ទៀតថា «អ្នកធ្វេីមិនដូចអ្នកអែបអបទេសម្លាញ់ វរៈសេនីយ៍ឯក សួយ សំណាង សាងល្អអោយគេចាំ ប្រសេីរជាងសាងកម្មអោយគេគុំស្អប់» ៕