ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ នៅថ្ងៃទី២០ ខែតុលានេះមានកីឡាករ-កីឡាការិនីឆ្នើមៗ ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ ចាប់ពីព្រឹក រហូតដល់ល្ងាច លើវិញ្ញាសាសម្ដែង និងប្រយុទ្ធ ដើម្បីប្រជែងមេដាយមាសពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដ៏មានសារៈសំខាន់ និងប្រកបដោយគុណតម្លៃថ្លៃថ្លាបំផុតនេះ។
ការរៀបចំឱ្យមាននូវព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណជាប្រវត្តិសាស្ត្រនេះឡើងគឺក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។
ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” នេះ គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ដ៏មានសារៈសំខាន់ និងមានគុណតម្លៃថ្លៃថ្លាបំផុត ក្នុងការរួមចំណែក គាស់រំលេចឡើងវិញនូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍បុរាណ និងយុទ្ធសាស្ត្រសង្គ្រាម របស់ព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់បានប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើតបានអាណាចក្រ ខ្មែរដ៏រឹងមាំនាសម័យបុរាណ។ ក្នុងស្មារតីជំរុញបំផុសចលនាកីឡាជាតិ និងសាមគ្គីភាពក្នុងមហាគ្រួសារយុទ្ធគុនខ្មែរបុរាណ គណៈកម្មការ ចំពោះកិច្ចរៀបចំព្រឹត្តិកាណ៍កីឡា អាចវាយតម្លៃបានថា កីឡាករ-កីឡាការិនីទាំងអស់គោរពបានយ៉ាងខ្ជាប់ខ្ជួនតាម លក្ខណៈបច្ចេកទេសថ្មីនៃយុទ្ធគុនចម្រុះខ្មែរបុរាណ ស្របតាមគោលការណ៍ Fair-Play “ឈ្នះដោយយុត្តិធម៌ - ចាញ់ ដោយកិត្តិយស” ដោយឈរលើគុណតម្លៃអូឡាំពិកគឺៈ ឧត្តមភាព ការគោរព និងមិត្តភាព។
សូមបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» លើកទី១ បានរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់២០ ខែតុលា នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ក្រៅពីការប្រកួតដែលមានកីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ចូលរួម ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធគុនខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និងក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទជាដើម ក៏មានការរៀបចំពិព័រណ៍អាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ នៅមុខវិមានពហុកីឡដ្ឋានជាតិផងដែរ ដោយមានការតាំងបង្ហាញសិលាចារឹក ចារប្រវត្តិមហាយុទ្ធគុនបុព្វបុរសដូនតាខ្មែរ។ ព្រឹត្តិការណ៍នេះ មានកីឡាករ-កីឡាការិនីចូលរួមសរុបជិត ៥០០នាក់៕