ក្នុងឱកាសនៃជំនួប, លោកប្រធានាធិបតីអ៊ីស្រាអែល បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេចធិបតី ក្នុងឱកាសនេះ។ ឯកឧត្តមបន្តថា ជំនួបនេះបានឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏យូរអង្វែងរវាងអ៊ីស្រាអែល-កម្ពុជា។ ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីអ៊ីស្រាអែល ហើយ សម្ដេចធិបតីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកប្រធានាធិបតី។
ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល ក្នុងរយៈពេលជិត ៦ទសវត្សរ៍ កន្លមកនេះ និងប្ដេជ្ញាបន្តពង្រឹង និងពង្រីកបន្ថែមទៀតដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ។
ព្រមជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំ ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, អប់រំ, ទេសចរណ៍, និងការងារ ជាដើម។
សម្ដេចធិបតី និងលោកប្រធានាធិបតីអ៊ីស្រាអែល បានឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់ សំដៅស្វែងរក និងទាញយកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ឆ្ពោះទៅកម្រិតថ្មី។
មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានយកចិត្តទុកដាក់ ផ្ដល់ការគាំទ្រ និងទំនុកបម្រុងដល់និស្សិត និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងអ៊ីស្រាអែល៕