ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ខែកញ្ញា នគរបាលជាតិទប់ស្កាត់ បង្ក្រាបទាន់ពេល និងបំបែកសំណុំរឿងព្រហ្មទណ្ឌជាង ២០០ករណី ឃាត់ខ្លួនជនសង្ស័យជាង ៣០០នាក់ បញ្ជូនទៅតុលាការ
ថ្ងៃទី ៖ 10-10-2026, ដោយ​​ Dara007 , 90 Views
                     
ភ្នំពេញៈ ក្នុងរយៈពេលពេញមួយខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌយ៉ាងសកម្ម ក្នុងនោះបានទប់ស្កាត់ បង្ក្រាបទាន់ពេល និងបំបែកសំណុំរឿង ចំនួន២០៥ករណី ឃាត់ខ្លួនជនសង្ស័យសរុប៣១៥នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលមួយខែនោះ មានជាអាទិ៍ បទល្មើសហិង្សា ឆបោក លួច ឆក់ ប្លន់ រំលោភសេពសន្ថវៈ ឃាតកម្ម ប្រើប្រាស់អាវុធខុសច្បាប់ និងមនុស្សឃាតអចេតនា។ ក្នុងនោះបទល្មើសកើតឡើងដែលសមត្ថកិច្ចបង្ក្រាបបានច្រើនជាងគេ គឺបទល្មើសលួចដែលមានសរុប៩១ករណី និងបទល្មើសហិង្សាចំនួន៦៤ករណី។ របាយការណ៍បានបន្ថែមឱ្យដឹងទៀតថា បទល្មើសទាំងនេះ កើតឡើងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន២០ទៀតរួមមាន ខេត្តសៀមរាប ស្វាយរៀង ត្បូងឃ្មុំ តាកែវ ពោធិ៍សាត់ ព្រះវិហារ កណ្ដាល ក្រចេះ មណ្ឌលគិរី ព្រះសីហនុ ឧត្តរមានជ័យ កំពត ប៉ៃលិន បាត់ដំបង ស្ទឹងត្រែង ព្រៃវែង បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកំពង់ធំ។

ផ្អែកតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ទោសទណ្ឌនៃបទល្មើសនីមួយៗត្រូវ បានកំណត់ មានជាអាទិ៍ បទហិង្សាដោយចេតនា ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល។ ករណីប្រព្រឹត្តដោយគិតទុកជាមុន ប្រើអាវុធឬគំរាមកំហែងនឹងអាវុធ និងធ្វើសកម្មភាពដោយមានមនុស្សច្រើននាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ ពិន័យជាប្រាក់ពី ៤លាន ទៅ១០លានរៀល។ បទល្មើសលួច តាមមាត្រា៣៥៦ បានកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៦លានរៀល។

បទលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា ដែលប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេល និង ដោយការកាប់គាស់ទម្លុះទម្លាយ ត្រូវជាប់ពន្ធនាគារពី ៣ឆ្នាំ ទៅ ១០ឆ្នាំ ទៅតាមកម្រិតនៃស្ថានទម្ងន់ទោស។ ចំពោះបទឆបោក តាមមាត្រា៣៧៨ បានកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៦លានរៀល។ ករណីប្រព្រឹត្តដោយ មន្ត្រីរាជការ ឬតាំងខ្លួនជាមន្ត្រីរាជការ មានការចាត់តាំងជាក្រុម និងបុគ្គលដែលអំពាវនាវដល់សាធារណជន ដើម្បីអង្គាសមូលនិធិសម្រាប់ជំនួយមនុស្សធម៌ ត្រូវដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ឆ្នាំ។

ដោយឡែក បទឃាតកម្ម តាមមាត្រា ១៩៩បានចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ និងដោយគ្មានស្ថានទម្ងន់ទោសដូចដែលបានកំណត់ក្នុងមាត្រា ២០០ ដល់មាត្រា២០៥ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ។ ក្នុងករណីសម្លាប់មនុស្សដោយគិតទុកជាមុន ឬពួនស្ទាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សមាជិកក្រុមគ្រួសារកម្មករនិយោជិតនៅកម្ពុជា បានបង្ហាញការពេញចិត្តចំពោះការងារក្នុងវិស័យរោងចក្រ-សហគ្រាស ដោយលើកឡើងថា ប្រាក់ចំណូលពីការងាររបស់បងប្អូនកម្មករ បានដើរតួនាទីសំខាន់ក្នុង ក្នុងការជួយទ្រទ្រង់ជីវភាពគ្រួសារ បង់ថ្លៃ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com