ក្នុងឱកាសនៃជំនួបពិភាក្សាការងារទ្វេភាគីនៅវិមានសន្តិភាព នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងច្បាស់ថា ជំហរឥតងាករេរបស់កម្ពុជា គឺដោះស្រាយរាល់បញ្ហាព្រំដែនដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ក្រៅពីការលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា-វៀតណាម ទាំងពីររូប ក៏បានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងបានឯកភាពគ្នាជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត ទាំងលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសរវាងបណ្តាខេត្តជាប់ព្រំដែន។
ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ព្រមទាំងជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» ដោយបានឯកភាពជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងយុវជននៃប្រទេសទាំងពីរ រួមគ្នារៀបចំព្រឹត្តិការណ៍នានាឱ្យបានផុលផុស ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ។
បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឡេ មិញហ៊ឹង ក៏បានអញ្ជើញធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់រួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ៦ រវាងប្រទេសទាំងពីរ មុននឹងបន្តអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាល្ងាចថ្ងៃដដែលនោះ៕