ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានជម្រាបជូនសម្ដេចបវរធិបតី អំពីស្ថានការណ៍នយោបាយទូទៅ និងការត្រៀមរៀបចំការបោះឆ្នោតសកល នាពេលខាងមុខរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងបានអរគុណកម្ពុជា ដែលបានចែករំលែកបទពិសោធន៍ និងទស្សនទានមួយចំនួនក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណលោកប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងសង្ឃឹមថា វិបត្តិនៅមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយដោយសន្តិវិធី ក្នុងអនាគតដ៏ខ្លីខាងមុខ។
សម្តេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5-Point Conensus) របស់អាស៊ាន។
សម្ដេចបវរធិបតី និងលោកប្រធានក្រុមប្រឹក្សារដ្ឋក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម និង ការតភ្ជាប់ប្រជាជននិងប្រជាជន៕