វិស្វករ និងអ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទបាទជុំ កញ្ញា ដយ ពេជ្រជឺរ៉ា ឱ្យដឹងថា ការខូចខាតរចនាសម្ពន្ធជណ្តើរនេះ គឺបណ្តាលមកពីអាយុសម្ភារសំណង់ ថ្មបាយក្រៀមពុកផុយ កង្វះការថែទាំយូរអង្វែងបណ្តាលឱ្យដើមឈើដុះចាក់ឬសញែកថ្ម។
ទីតាំងផ្នែកជណ្តើរនេះ ធ្លាប់បានជួសជុលនៅសម័យបារាំង។ ប៉ុន្តែ ដោយសារអាយុកាល និងវិវត្តជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យរចនាសម្ពន្ធជណ្តើរនេះបានរងការខូចខាតជាថ្មី។
អ្នកជំនាញដដែលបញ្ជាក់ថា ការជួសជុល គឺក្រុមការងារបានវិភាគទៅលើចំណុចខូចខាតមួយចំនួនដែលជាផ្នែកត្រូវរុះរើ និងជួសជុលឡើងវិញ។ បន្ទាប់មកចុះបញ្ជីថ្ម និងរុះរើថ្មដែលហែកចេញពីគ្នា សម្អាតកំណកដី ឬសឈើ ព្រមទាំងពង្រឹងថ្មដែលបែកបាក់ឬខូចខាត ហើយទើបរៀបផ្គុំទៅតាមទីតាំងដើមនៃរចនាសម្ពន្ធកាំជណ្តើរឡើងវិញ។
កិច្ចការនេះ គ្រោងនឹងបញ្ចប់នៅដំណាច់ខែតុលា ឆ្នាំ២០២៤ ខាងមុខ។ ក្រោយពីបញ្ចប់ការជួសជុល ទីតាំងនេះនឹងមានសុវត្ថិភាពទាំងរចនាសម្ពន្ធសំណង់ជណ្តើរ ស្ថិតនៅគង់វង្សយូរអង្វែងបន្តទៀត និងសម្រួលដល់ភ្ញៀវទេសចរដើរឡើង-ចុះ ដើម្បីទស្សនានៅប្រាសាទបាទជុំនេះផង៕