ការជំរុញរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤នៅ វិមានពហុកីឡដ្ឋានជាតិ “អូឡាំពិក” នៅល្ងាចថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២៤ នេះ ។
សម្ដេចធិបតីបានលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យគុនខ្មែរបន្តរួបរួមគ្នាចងក្រងគុនខ្មែរ ផ្សព្វផ្សាយការប្រគួតគុណគុនខ្មែរ និងសម្ដែងគុនល្បុក្កតោឱ្យបានទូលំទូលាយ ដើម្បីចងក្រង និងផ្សព្វផ្សាយអត្ដសញ្ញាណពីគុនខ្មែរនៅលើឆាកអន្តរជាតិផងដែរ។ ជាពិសេស ជំរុញឱ្យមានការហ្វឹកហាត់ក្បាច់គុនខ្មែរឱ្យបានច្រើន នៅក្នុងជួរកងទ័ព ប៉ូលីស និងតាមសាលារៀនជាដើម។
ជាមួយគ្នានេះ សម្តេចធិបតីជំរុញឱ្យហ្វឹកហាត់ក្បាច់គុនល្បុក្កតោខ្មែរនៅក្រៅប្រទេសបន្ថែមទៀត ហើយនាពេលខាងមុខនឹងបើកឱ្យក្លឹបហ្វឹកហាត់ក្បាច់គុនខ្មែរនៅកម្ពុជា ដើម្បីបើកឱ្យការហឹ្វកហាត់ទាំងប្រជាជនខ្មែរ និងបរទេស ។ម៉្យ៉ាងវិញទៀត សម្ដេចធិបតី ក៏មិនមានការហាមឃាត់ប្រជាពលរដ្ឋហាត់ក្បាច់បរទេសនោះដែរ។
ក្នុងនោះសម្ដេចធិបតី ក៏បានកោតសរសើរ និងគាំទ្រចំពោះពលរដ្ឋខ្មែរដែលបានបង្កើតក្លឹបកីឡាគុនខ្មែរនៅឯប្រទេសអាមេរិកផងដែរ។ ទន្ទឹមនឹងនេះសម្ដេចធិបតីបានបញ្ជាក់ថា ថ្ងៃនេះក្បាច់គុនល្បុក្កតោរបស់ខ្មែរកំពុងមានវត្តមាននៅទីក្រុងហឺណាន ប្រទេសចិន ដែលកំពុងបង្ហាញពីគុនខ្មែរនៅលើឆាកអន្តរជាតិ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីវប្បធម៌ ប្រពៃណីខ្មែរកំពុងមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ៕