លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបង្ហោះសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនប្រជាពលរដ្ឋខេត្តកែបនូវការទទួលបដិសណ្ឋារកិច្ច ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនា សម្រាកលម្ហែកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តកែប ក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ មានចំនួន ៧៩,៥៣៨ នាក់ កេីនឡេីង ២៦,១១%(១៦,៤៧២ នាក់) បេីប្រៀបធៀបនឹងឆ្នាំ២០២៣ ។
លោកថា ទោះបីជាការខិតខំប្រឹងប្រែងឲ្យល្អឥតខ្ចោះយ៉ាងណាក៏ដោយ យេីងក៏អាចនៅមានចន្លោះប្រហោង និងភាពខ្វះខាតខ្លះៗផងដែរ ដូចជារយៈពេលកន្លងមកនេះមានការិះគន់ផ្សេងៗ និងបញ្ហាមួយចំនួនតូចពាក់ព័ន្ធទៅនឹងតម្លៃម្ហូបអាហារ នៅខេត្តកែប ។
រដ្ឋបាលខេត្តសូមទទួលយកនូវរាល់មតិរិះគន់ក្នុងន័យស្ថាបនារបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដេីម្បីជាមូលដ្ឋានក្នុងការកែលម្អ និងដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលជាបញ្ហាកង្វល់របស់បងប្អូន ហេីយក៏ជាចំណុចដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជាប្រចាំ ឲ្យកាន់តែល្អប្រសើរ សំដៅធ្វេីយ៉ាងណាឲ្យខេត្តកែបកាន់តែមានភាពទាក់ទាញ និងខិតខំបង្កើនការអភិវឌ្ឍបន្ថែមនូវតំបន់សក្ដានុពលទេសចរណ៍នានា សម្រាប់ទទួលស្វាគមន៍ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋជាបន្តទៀត ។
រដ្ឋបាលខេត្តសូមជម្រាបជូនថា ក្នុងករណីដែលបងប្អូនជួបប្រទះនូវភាពមិនប្រក្រតីណាមួយលេីការផ្ដល់សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹងតម្លៃម្ហូបអាហារ សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ 012 821 411 - 088 432 0034 - 099 549 789 ៕