ថ្លែងក្នុងកម្មវិធី ធ្វើបាឋកថាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានលើកឡើងថា នៅលើពិភពលោកនេះតម្លៃអគ្គិសនីខុសៗគ្នាទាំងអស់ មិនអាចមានតម្លៃដូចគ្នាបាននោះឡើយ ជប៉ុនជាប្រទេសដែលជឿនលឿន និងអាចផលិតថាមពលបាន តើហេតុដូចម្ដេចបានជា ជប៉ុនមិនធ្វើឲ្យតម្លៃអគ្គិសនីចុះថោកបាន និងមានបណ្ដាប្រទេសនានា ដូចជាសឹង្ហបុរី ជាដើម ។ ដូច្នេះការប្រៀបធៀបប្រទេស២ ឬប្រទេសផ្សេងៗ មិនអាចបង្ហាញពីតថភាពជាក់ស្ដែងឡើយ។
លោក កែវ រតនៈ បានបន្ថែមថា «ដូច្នេះការប្រៀបធៀបតម្លៃអគ្គិសនីរវាងកម្ពុជា និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត គឺសុទ្ធសឹងតែជាការប្រៀបធៀបដែលខុស ខុសតាំងតែពីដំបូងមកម្ល៉េះ ក្នុងន័យនេះក៏មិនអាចនិយាយបានថា មិនគិតគូរពីការប្រៀបធៀបនោះឡើយ ព្រោះការប្រៀបធៀបបានអនុញ្ញាត ឲ្យយើងគិតគូរល្អិតល្អន់អំពីឫសគល់អ្វីមួយ និងសម្រេចបាននូវលទ្ធផលនានា»។
លោក កែវ រតនៈ មានជំនឿថា ប្រសិនបើស្ថានភាពនៅប្រហាក់ប្រហែលបច្ចុប្បន្ន ថ្ងៃក្រោយយើងមានលទ្ធភាព អាចពិនិត្យមើលថាមពលថ្លៃឡើងវិញ ដើម្បីបញ្ចុះថ្លៃបន្ថែម ចំពោះចំណុចនេះ ខ្ញុំមិនអាចលើកឡើងពីការសន្យាបានឡើយ អាចត្រឹមតែសន្មត់ថា ប្រហាក់ប្រហែលប៉ុណ្ណោះ ព្រោះថា ទោះបីជាយើងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យក៏ដោយ ក៏ថាមពលពន្លឺព្រះអាទិត្យមិនអាច ជំនួសថាមពលធ្យូងថ្ម និងថាមពលផ្សេងៗទៀតបាននោះទេ៕