ការបញ្ជានេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាង៣៥០០នាក់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងយុត្តិធម៌ពិនិត្យ និងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់៤នាក់ និងរបួសអ្នកដទៃនៅចំណុចស្ពានឬស្សីកែវ ដាក់ពន្ធនាគារកំណត់រយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០លានរៀល ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតីបានបញ្ជាក់ថា ការផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់៤នាក់ និងរបួសអ្នកដទៃនៅចំណុចស្ពានឬស្សីកែវនេះ ដើម្បីព្រមាន និងធានាថាអ្នកបើកបរក្នុងស្ថានភាពស្រវឹងហើយបង្ករហេតុដល់អ្នកដ៏ទៃត្រូវទទួលទោសតាមច្បាប់ និងគ្មានការលើកលែងជាដាច់ខាត។
ជាមួយគ្នានេះ សម្តេចធិបតីបានណែនាំឱ្យក្រសួងមហាផ្ទៃបន្ដពង្រឹងលើការអនុវត្តច្បាប់ចរាចរណ៍ ខណៈបច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានអ្នកស្លាប់នៅតែកើតឡើងច្រើន និងជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវបើកបរដោយគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់គ្នានាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ។
សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ តុលាការបានសម្រេចផ្ទន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ដាក់ពន្ធនាគារកំណត់រយៈពេល ០៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០លានរៀល ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា៨៣ កថាខណ្ឌទី២ ចំណុចខ ចំណុចគ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុចខ ចំណុចគ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ទោះបីជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់បានទទួលសំណង និងដកពាក្យបណ្តឹងរួចហើយក៏ដោយក៏ចៅក្រមជំនុំជម្រះបានប្រកាសដាក់ទោសពន្ធនាគារក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់បានកំណត់។ បន្ថែមពីនេះ តុលាការក៏បានប្រកាសទោសបន្ថែមលើជនជាប់ចោទ ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ៕