រដ្ឋមន្រ្តី២រូប ដោះដូរកៅអីគ្នា
ថ្ងៃទី ៖ 20-09-2024, ដោយ admin , 174 Views
ភ្នំពេញ : រដ្ឋមន្រ្តីវ័យក្មេង២រូប ត្រូវរដ្ឋសភាកម្ពុជា អនុម័តគាំទ្រកែសម្រួលសមាសភាពក្នុងនោះមាន លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ត្រូវបានផ្លាស់ឱ្យទៅកាន់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសកន្លែង លោក សុខ សូកេន ។ ចំណែក លោក សុខ សូកេន កូនលោក សុខ អាន ទៅផ្ទេរមករដ្ឋមន្រ្តីក្រសួងអធិការកិច្ច ជំនួសកន្លែង លោក ហួត ហាក់ វិញ។
ការអនុម័តរបស់រដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយមានសំឡេងសមាជិកសភាគាំទ្រ១០៦/១០៦។
ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះគឺជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកដំបូងហើយ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលបានធ្វើដំណើររយៈពេលជាង១ឆ្នាំកន្លងមកនេះ៕
|