មេប៉ូលិសស្ទឹងត្រែង នឹងបង្ក្រាប កម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ
ថ្ងៃទី ៖ 12-08-2024, ដោយ admin , 76 Views
ស្ទឹងត្រែង : ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្ដមសេនីយ៍ អូត ស៊ីវុត្ថា បានប្រកាសក្ដែងៗថា នឹងបង្ក្រាប ឬកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូប ភាពណាក្តី ។
តាមរយៈសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១១ សីហា ស្នងការនគរបាលខេត្តស្ទឹងត្រែង ព្រមទាំងកងកម្លាំងនគរបាលក្នុងខេត្តទាំងមូល សូមប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និង សណ្តាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់ ។ លោកឧត្ដមសេនីយ៍ អូត ស៊ីវុត្ថា បានដាក់បទបញ្ជាឱ្យគ្រប់ប្រធានអង្គភាពចំណុះ ត្រូវគ្រប់គ្រង កម្លាំងឱ្យបានហ្មត់ចត់ ពង្រឹងវិន័យផ្ទៃក្នុង និងកម្ចាត់ឱ្យបានទាន់ពេលវេលានូវកម្លាំងអមិត្តទាំងឡាយ ។
ក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុស ញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែក បំបាក់និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញនិងការអភិវឌ្ឍ ។
ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បញ្ជាក់អំពីជំហរដាច់ខាត ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជា យ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់ ៕
|