សម្តេចធិបតី មានប្រសាសន៍ថា ការរៀបចំកីឡាជាតិជនពិការ រួមជាមួយការប្រកួតកីឡាជាតិ គឺដើម្បីបង្ហាញថា សមត្ថភាពរបស់មនុស្ស មិនមែនវាស់វែងដោយផ្អែកទាំងស្រុងលើកាយសម្បទានោះទេ ពោលគឺត្រូវកំណត់ដោយផ្អែកលើទេពកោសល្យ ការខិតខំព្យាយាម និង សមិទ្ធផលដែលពួកគេសម្រេចបាន។
«សម្តេចធិបតី គូសបញ្ជាក់ថា កីឡាករ កីឡាការិនីមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និង ការតស៊ូឆ្ពោះទៅរកគោលដៅ ខណៈដែលការចូលរួមរបស់ពួកគេ រំឭកយើងថា ឧបសគ្គមិនមែនជាហេតុផលត្រឹមត្រូវនៃការបោះបង់ឱកាសនោះទេ។»
ទន្ទឹមនឹងនេះ សម្តេចធិបតី បន្ថែមថា ព្រឹត្តិការណ៍នេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
ជាមួយគ្នានេះ សម្តេចធិបតី សង្កត់ធ្ងន់ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាពផងដែរ៕