ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ភ្ញៀវទេសចរអាចចូលទៅថតរូបអនុស្សាវរីយ៍ និងទស្សនាស្រះទឹកខាងជើងប្រាសាទអង្គរវត្តវិញហើយ
ថ្ងៃទី ៖ 07-11-2026, ដោយ​​ Dara007 , 52 Views
                     
សៀមរាបៈ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្តទាំងស្រុងហើយ កាលពីចុងខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំសោភ័ណភាពឡើងវិញ ដើម្បីបើកឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងត្រៀមទទួលគណៈប្រតិភូនៃកិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង (20ᵉ Sommet de la Francophonie) ដែលគ្រោងនឹងមកជួបប្រជុំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ អាចចូលទៅថតរូបអនុស្សាវរីយ៍ និងទស្សនាស្រះទឹកដែលឆ្លុះចាំងស្រមោលប្រាសាទអង្គរវត្តនៅស្រះទាំងពីរ។

លោកស្រី ភិន វិជ្ជាសុច្ចរ៉ា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលជាអ្នកគ្រប់គ្រងគម្រោងជួសជុល ឱ្យដឹងថា ការបិទស្រះទឹកខាងជើងប្រាសាទអង្គរវត្តមួយរយៈមកនេះ គឺដើម្បីចំណាយពេលស្រាវជ្រាវ ស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងជួសជុលជាដំណាក់កាលៗ។ ស្ថានភាពមុនពេលជួសជុល គឺមានការខូចខាតយ៉ាងខ្លាំងដោយសារកត្តាអាយុកាល និងកត្តាអាកាសធាតុ ដែលធ្វើឱ្យផ្ទៃបាតស្រះគោករាក់ដោយសារកំណកដី គ្រឹះកាំជណ្ដើរដែលធ្វើពីថ្មបាយក្រៀមជាច្រើនត្រូវពុកផុយ និងកាំជណ្ដើរដែលធ្វើពីថ្មភក់ជាច្រើនបានឃ្លាតចេញពីគ្នា ហើយថ្មខ្លះក្នុងចំណោមនោះក៏ពុកផុយដែរ។ បន្ទាប់ពីការជួសជុលមួយរយៈមក បច្ចុប្បន្នស្រះទឹកខាងជើងអង្គរវត្តនេះ មានសោភ័ណភាពស្រស់ស្អាតជាងកាលពីពេលមុនទៅទៀត។

លោកស្រី ភិន វិជ្ជាសុច្ចរ៉ា ពន្យល់ថា កាលពីមុន ស្រះទឹកខាងជើងប្រាសាទអង្គរវត្ត គឺមិនមានទឹកដើម្បីឱ្យភ្ញៀវទេសចរអាចទៅថតរូបចាំងឆ្លុះស្រមោលប្រាសាទអង្គរវត្តបានទេនៅរដូវប្រាំង ប៉ុន្តែបន្ទាប់ពីការជួសជុលរួចនេះ ស្រះទឹកខាងជើងប្រាសាទអង្គរវត្តនឹងមានទឹកខួបប្រាំងខួបវស្សា ដើម្បីបំពេញបំណងភ្ញៀវទេសចរឱ្យអាចទៅថតរូបចាំងឆ្លុះស្រមោលអង្គរវត្តបានគ្រប់ពេលវេលា។ ភាពទាក់ទាញរបស់ស្រះទឹកខាងជើងប្រាសាទអង្គរវត្ត ក្រៅពីជួយលើកសោភ័ណភាពរបស់ប្រាសាទបុរាណមួយកម្រិតថែមទៀតនោះ គឺការចាំងឆ្លុះកំពូលប្រាសាទបុរាណទាំងនោះទៅក្នុងទឹកថ្លាយង់ ដែលធ្វើឱ្យអ្នកទេសចរគ្រប់រូបចង់ទៅថតរូបអនុស្សាវរីយ៍។

លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងពេលចុះពិនិត្យការប្រកាសបើកស្រះទឹកខាងជើងអង្គរវត្តឱ្យភ្ញៀវទេសចរចូលទស្សនាឡើងវិញនោះថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីអនុញ្ញាតឱ្យទទួលភ្ញៀវជាគណៈប្រតិភូនៃបណ្ដាប្រទេសនិយាយភាសាបារាំង (20ᵉ Sommet de la Francophonie) ដែលគ្រោងនឹងមកជួបប្រជុំនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆាប់ៗនេះ បានឃើញពីសោភ័ណភាពដ៏ស្រស់ស្អាតនៃសម្បត្តិបេតិកភណ្ឌពិភពលោកអង្គរ។

លោកបញ្ជាក់ទៀតថា ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ធ្វើយ៉ាងណាជួសជុលឱ្យបានរួចរាល់នៅមុនពេលកិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

នៅស្របពេលដែលស្រះទឹកខាងជើងអង្គរវត្ត បានប្រកាសដាក់ឱ្យភ្ញៀវទេសចរចូលទៅថតរូប និងទស្សនាឡើងវិញនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមមេត្តាជួយសម្អាត កុំបោះចោលសំរាម និងជួយថែរក្សាសណ្ដាប់ធ្នាប់ ដើម្បីរួមគ្នាជួយថែរក្សាទេសភាព និងសោភ័ណភាពទីនេះឱ្យនៅតែស្រស់ស្អាតជានិច្ច៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្តទាំងស្រុងហើយ កាលពីចុងខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំសោភ័ណភាពឡើងវិញ ដើម្បីបើកឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងត្រៀមទទួលគណៈ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com