ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
UN កោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ និងលុបបំបាត់ពលកម្មកុមារ
ថ្ងៃទី ៖ 04-11-2026, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ តំណាងពិសេសនៃអគ្គលេខាធិការ UN កោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ និងលុបបំបាត់ពលកម្មកុមារ ព្រមទាំងលទ្ធផលសម្រេចបាន និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយដៃគូអន្តរជាតិស្របតាមអនុសញ្ញាអន្តរជាតិរបស់អង្គការ ILO។

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង  លោកស្រី Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកការទប់ស្កាត់អំពើហិង្សាលើកុមារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាដោយបើកចំហ និងស្ថាបនា ព្រមទាំងបានបញ្ជាក់ជូនពីការប្តេជ្ញាចិត្ត និងវឌ្ឍនភាពការងារសំខាន់ៗ។

លោកស្រីបានទទួលបទពិសោធដ៏មានតម្លៃជាច្រើនពីកិច្ចពិភាក្សានេះ ជាពិសេសបានឈ្វេងយល់ពីការបង្កើតយន្តការតភ្ជាប់ និងផ្តល់ឱកាសដល់កុមារដែលបានបោះបង់ការសិក្សាឱ្យវិលត្រឡប់ទៅបន្តការសិក្សា និងទទួលបានការបណ្តុះបណ្តាលឡើងវិញ ព្រមទាំងការចុះអធិការកិច្ចដោយមិនជូនដំណឹងជាមុន ដែលកិច្ចខិតខំប្រឹងប្រែងនេះពិតជាមានសារៈសំខាន់ជាខ្លាំងចំពោះការការពារ និងលើកកម្ពស់សិទ្ធិកុមារ។

លោកស្រីបានបញ្ជាក់ថា នឹងចែករំលែកបទពិសោធល្អៗរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងទៀតផងដែរ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Najat Maalla M’jid និងគណៈប្រតិភូរបស់អង្គការសហប្រជាជាតិដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ UN ជាមួយកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ ខណៈវត្តមានរបស់គណៈប្រតិភូនាឱកាសនេះ ជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃបេសកកម្ម និងពង្រឹងការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងពិភពលោកមួយដែលកុមារគ្រប់រូបអាចធំធាត់ឡើងដោយគ្មានអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់។

លោកបានជម្រាបពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបញ្ចប់អំពើហិង្សាលើកុមារ ដោយនៅកម្រិតថ្នាក់ជាតិ កម្ពុជាបានដាក់ឱ្យអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ដើម្បីពង្រឹងការបង្ការ ការការពារ និងការឆ្លើយតប តាមរយៈកិច្ចសហការរវាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ។

ក្នុងនោះដែរ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានតួនាទីសំខាន់ក្នុងការទប់ស្កាត់ពលកម្មកុមារ ការពារកម្មករវ័យក្មេង និងលើកកម្ពស់ការអភិវឌ្ឍជំនាញប្រកបដោយសុវត្ថិភាព និងឱកាសការងារសមរម្យ។

លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីរបស់ក្រសួងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធនានា ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ ព្រមទាំងការពារកុមារពីអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់ទម្រង់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ អំបោសជាសម្ភារប្រើប្រាស់ប្រចាំមួយដ៏ចាំបាច់សម្រាប់ជីវភាពរស់នៅ ប្រើសម្រាប់បោសសម្អាតផ្ទះ ទីធ្លា និងតាមដងផ្លូវជាដើម។ អំបោសដែលធ្វើពីដើមរុក្ខជាតិមានច្រើនប្រភេទ ប៉ុន្តែអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ច្រើនធ្វើវាពីដើម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com