ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា បញ្ជាឱ្យបណ្ដេញមន្ត្រីចំណុះក្រសួងមហាផ្ទៃ«ធ្វើស៊ី»ពលរដ្ឋចេញពីក្របខ័ណ្ឌ
ថ្ងៃទី ៖ 23-10-2026, ដោយ​​ Dara007 , 12 Views
                     
ភ្នំពេញៈ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាឱ្យបណ្ដេញមន្ត្រីចំណុះក្រសួងមហាផ្ទៃ«ធ្វើស៊ី»ពលរដ្ឋចេញពីក្របខ័ណ្ឌ និងបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយចាត់ការបន្តដោយគ្មានការលើកលែង ឬយោគយល់ឡើយ។ការបញ្ជានេះ ធ្វើឡើងបន្ទាប់ពីមានករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច គ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ ឬក្លែងឯកសណ្ឋានសមត្ថកិច្ច…ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ ហើយបើទៅធ្វើសកម្មភាពឃាត់សាកសួរ ឆែកឆេរ សំឡុតគំរាមកំហែង ឬចាប់ នាំខ្លួនពលរដ្ឋណាម្នាក់ដោយខុសច្បាប់ ដើម្បីទាញប្រយោជន៍ពីពលរដ្ឋនោះ ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។

ក្នុងករណីនេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមឱ្យអាជ្ញាធរ សមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវចាត់ការជំនាញ នីតិវិធី ស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញា និងចាប់ខ្លួនបុគ្គលល្មើសទាំងនោះ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត។

ជាមួយគ្នានេះលោកគូសបញ្ជាក់ថា ដោយឡែកពីនេះ ប្រសិនបើមន្ត្រីចំណុះក្រសួងមហាផ្ទៃ ដោយគ្មានភារកិច្ច ប្រព្រឹត្តផ្ទុយពីច្បាប់ ទៅឃាត់ពលរដ្ឋស្លូតត្រង់ សាកសួរ ឆែកឆេរ សំឡុត គំរាមកំហែង ចាប់ នាំខ្លួន ទោះយកទៅកន្លែងណាក៏ដោយ ដើម្បីដាក់កំហិត បង្ខិតបង្ខំ បំភ័យឱ្យខ្លាច ទាមទារឱ្យពលរដ្ឋនោះផ្ដល់ផលប្រយោជន៍ណាមួយដល់ខ្លួន ឬក្រុមខ្លួន ជាពិសេសក្នុងទម្រង់«ធ្វើស៊ី»ជាដើមនោះ ទាំងនេះ គឺជាសកម្មភាពល្មើសវិន័យ និងជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវអនុវត្តច្បាប់ មិនលើកលែង។

ពោលគឺ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ និងជាពិសេសត្រូវកសាងសំណុំរឿង ពន្លាតការស៊ើបអង្កេត ដោយបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយចាត់ការបន្តដោយគ្មានការលើកលែង ឬយោគយល់ឡើយ។

ជារួម លោកសូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះមតិយោបល់ ការស្នើសុំ ឬសំណូមពរពីបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានេះ ខ្ញុំមានភាពចាំបាច់ ត្រូវបញ្ជាក់ជូនសាធារណជន អាជ្ញាធរ មន្រ្តីពាក់ព័ន្ធ ពិសេសកម្លាំងនគរបាលជាតិ ឱ្យបានជ្រាបដូចខាងក្រោម៖ ទី១-ក្នុងករណីជួប ឬប្រទះឃើញ ឬមានតម្រុយព័ត៌មាន អំពីករណីមានជនស៊ីវិលប្រព្រឹត្តសកម្មភាពដូចបានបញ្ជាក់ខាងលើ សូមបងប្អូនប្រញាប់រាយការណ៍ ដាក់ពាក្យប្ដឹងទៅកាន់អាជ្ញាធរ ឬអង្គភាពនគរបាលដែលនៅជិតបំផុត ដូចជា ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ហើយអង្គភាពមានសមត្ថកិច្ចទាំងនេះ ត្រូវទទួលនិងចាត់ការពាក្យប្ដឹងនេះជាដាច់ខាត។ ទី២-ដូចគ្នាដែរ ប្រសិនបើមានកម្លាំងនគរបាល ឬមន្រ្តីពាក់ព័ន្ធក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ប្រព្រឹត្តសកម្មភាពដូចបានបញ្ជាក់ខាងលើ ពិសេសបានចុះបង្ក្រាបដោយបន្លំភស្តុតាង ឬបង្កើតព័ត៌មានដាក់បន្ទុក លើបងប្អូនដែលគ្មានកំហុសសោះឱ្យទៅជាពាក់ព័ន្ធបទល្មើស សូមបងប្អូនប្រញាប់រាយការណ៍ ដាក់ពាក្យប្ដឹង ទៅកាន់អាជ្ញាធរ ឬអង្គភាពនគរបាលនៅជិតបំផុត ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ហើយអង្គភាពមានសមត្ថកិច្ចទាំងនេះ ត្រូវតែទទួលនិងចាត់ការពាក្យប្ដឹងជាដាច់ខាត។

លើសពីនេះ ក្នុងករណីចាំបាច់ លោកសូមលើកទឹកចិត្តបងប្អូន រាយការណ៍តាមប្រព័ន្ធទទួលពាក្យបណ្ដឹងអនឡាញ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ តាមរយៈតំណភ្ជាប់ https://css-gdin.interior.gov.kh/home ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ពោធិ៍សាត់ៈ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២៦ខណៈដែលគម្រោងសាងសង់សម្រេចបានប្រមាណ ៩០% ហើយ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com