ថ្លែងក្នុងពិធីបិទជាផ្លូវការនៃ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា» ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ សន្តិបណ្ឌិត នេត សាវឿន បានលើកទឹកចិត្តដល់ប្រតិភូយើងទាំងអស់ សូមបន្តនូវទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃដែលយើងបានបង្កើតនេះ សូមបន្តចែករំលែកព័ត៌មាន បទពិសោធន៍រវាងយើងគ្នា និងគ្នា សូមបន្តសាមគ្គីភាព និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងជាពិសេសសូមបន្តកិច្ចសហប្រតិបត្តិការកាត់ផ្ដាច់ឲ្យបាននូវច្រវាក់នៃការឆបោកនៃប្រព័ន្ធបច្ចេកវិទ្យានេះ។
ក្នុងន័យនេះ លោកសន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ជាពិសេសពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសពាក់ព័ន្ធ ក្នុងការកាត់ផ្តាច់ច្រវាក់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយស្នើឲ្យគ្រប់ភាគីបន្តធ្វើការរួមគ្នា ដើម្បីឈានទៅបញ្ចប់បទល្មើសប្រភេទនេះ។
មុននឹងប្រកាសបិទបញ្ចប់សន្និសីទ លោកសន្តិបណ្ឌិត នេត សាវឿន ក្នុងនាមកម្ពុជាជាប្រទេសម្ចាស់ផ្ទះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រតិភូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម ព្រមទាំងបានប្រកាសគាំទ្រសេចក្តីប្រកាសទីក្រុង ដែលបានលើកឡើងក្នុងសន្និសីទ ដើម្បីយកទៅអនុវត្តរួមគ្នា ក្នុងគោលដៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សូមបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោសតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានគណៈប្រតិភូមកពីជុំវិញពិភពលោកចំនួន២៧ប្រទេស មានដូចជា៖ សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសមកពីអាហ្វ្រិក អឺរ៉ុប និងបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងអង្គការអន្តរជាតិធំៗចំនួន៧ រួមមាន៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC), អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ(INTERPOL), ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ(FBI) នៃសហរដ្ឋអាមេរិក, មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មច្បាប់មេគង្គ-ឡានឆាង ជាដើម។ ក្នុងនោះ អង្គសន្និទ បានបង្ហាញ ការប្តេជ្ញាចិត្តទៅលើចំនួន១១ចំណុចនោះ គ្របដណ្តប់ទៅលើការសម្របសម្រួល, កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់, ការកាត់ផ្តាច់ប្រភពចំណូលពីបទល្មើស, ការការពារជនរងគ្រោះ, និងវិធានការរុះរើមជ្ឈមណ្ឌលឆបោក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផងដែរ៕