ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានអរគុណភាគីពាក់ព័ន្ធដែលចូលរួមគាំទ្រប្រទេសកម្ពុជារៀបចំសន្និសីទអន្តរជាតិនេះ ហើយបានរួមគ្នាលុបបំបាត់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រែក្លាយពីការជួបជុំគ្នានៅពេលនេះទៅជាការអនុវត្តជាក់ស្តែងនៅតាមប្រទេសខ្លួន និងលើពិភពលោក។
លោកបានបន្តថា បន្ទាប់ពីបានពិភាក្សាយ៉ាងយកចិត្តទុកដាក់រួចមក ភាគីពាក់ព័ន្ធដែលបានចូលរួមបានយល់ស្របគ្នាថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាបញ្ហាសកល និងមានភាពស្មុគស្មាញ ដែលទាមទារឱ្យរួមការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការសម្របសម្រួល និងភាពជាដៃគូពហុភាគី ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធទៅវិញទៅមកជាបន្តបន្ទាប់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យសន្និសីទអន្តរជាតិ ICCOS បានមានប្រសាសន៍ថា ក្នុងចំណុចទាំង ១១ នៃសេចក្តីប្រកាសរួមក្រុងភ្នំពេញនោះ ផ្តោតសំខាន់លើការទទួលខុសត្រូវពីគ្រប់ភាគី ការអនុវត្តច្បាប់ និងលទ្ធផលជាក់ស្តែងជាដើម។
សូមបញ្ជាក់ថា សន្និសីទអន្តរជាតិនេះ មានការអញ្ជើញចូលរួមពីបណ្តាប្រទេសជាង ២៧ មកពីគ្រប់ទ្វីបលើពិភពលោក រួមមាន៖ សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសមកពីអាហ្វ្រិក អឺរ៉ុប និងបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងអង្គការ-ស្ថាប័នអន្តរជាតិចំនួន ៧។ ការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នេះ គឺជាការបង្ហាញពីឆន្ទៈនយោបាយយ៉ាងមុតមាំ ការទទួលខុសត្រូវ និងភាពបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអំពាវនាវឱ្យមានសកម្មភាពរួមពីសហគមន៍អន្តរជាតិ ខណៈបញ្ហានេះគឺជាឧក្រិដ្ឋកម្មឆ្លងដែន និងជាបញ្ហាសកល ដែលគ្មានប្រទេសណាមួយអាចដោះស្រាយដោយឯកឯងបានឡើយ៕