លោក ទូច សុឃៈ បានឱ្យដឹងទៀតថា ជនជាតិកូរ៉េទាំងអស់នោះ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស Online Scams ចំនួន១៥ករណី ក្នុងនោះ មាននៅ រាជធានីភ្នំពេញ៨ករណី ខេត្តព្រះសីហនុ៤ករណី មណ្ឌលគិរី១ករណី បន្ទាយមានជ័យ១ករណី និងខេត្តបាត់ដំបង១ករណី។
លោកទូច សុឃៈ រៀបរាប់បន្តថា ក្រុមឆបោកទាំងនោះបានប្រើគ្រប់វិធីសាស្ត្រ ដើម្បីលួងលោម និងបោកប្រាស់ទាញយកផលប្រយោជន៍នានាពីជនបរទេស ជាពិសេសជនជាតិកូរ៉េ ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេត និងកំណត់អត្តសញ្ញាណជាអាទិ៍ ការបោកប្រាស់ឱ្យបញ្ចេញព័ត៌មានសម្ងាត់ ដោយផ្ញើសារតាមរយៈ អ៊ីមែល (Email) សារSMS ឬសារតាមបណ្ដាញសង្គមហើយក្លែងធ្វើជាធនាគារ ឬធ្វើជាក្រុមហ៊ុនណាមួយ ដើម្បីយកលេខសម្ងាត់ ហៅថា Password លេខកាតធនាគារ ឬក៏លេខកូដ។
លោកបន្តថា ក្រៅពីការបោកប្រាស់តាមរយៈការផ្ញើសារ ក៏មានការបោកប្រាស់តាមរយៈការវិនិយោគដោយក្រោមឆបោកទាំងនោះ អះអាងថា អាចរកចំណូលបានខ្ពស់ក្នុងរយៈពេលខ្លី ការបោកប្រាស់តាមរូបភាពស្នេហាដោយបង្កើតទំនាក់ទំនងស្នេហាតាមអនឡាញ ការបោកប្រាស់តាមរយៈការទិញលក់ ទំនិញតាមអនឡាញ ទំនិញទិញ លក់ក្លែងក្លាយ ការបោកប្រាស់តាមរយៈការងារដោយប្រកាសជ្រើសរើសបុគ្គលិក ឬប្រកាសស្វែងរកការងារក្លែងក្លាយ ដោយតម្រូវឱ្យបង់ថ្លៃចុះឈ្មោះជាមុន និងការបោកប្រាស់តាមរយៈត្រូវរង្វាន់ បានរង្វាន់ ទទួលរង្វាន់ ខណៈរូបភាពមួយទៀតគឺ ក្លែងបន្លំអត្តសញ្ញាណ ធ្វើជាមន្ត្រីរដ្ឋ អាចជាមន្ត្រីស៊ីវិល អាចជានគរបាល ឬក្លែងជាអ្នកធ្វើការនៅធនាគារ ឬជាសាច់ញាតិ ដើម្បីបោកប្រាស់ឱ្យផ្ទេរប្រាក់ ឬក៏ផ្ដល់ព័ត៌មានសម្ងាត់ជាដើម។
ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពាក់ព័ន្ធនឹងជនជាតិកូរ៉េនោះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអះអាងថា សមត្ថកិច្ចកម្ពុជាទទួលបានលទ្ធផលយ៉ាងជោគជ័យ ព្រមទាំងទទួលបានការសាទរ និងវាយតម្លៃខ្ពស់ ទាំងពីស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំនៃសាធារណរដ្ឋកូរ៉េ រួមទាំងអ្នកតំណាងរាស្ត្រផង ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពស្មោះត្រង់ និងការទទួលខុសត្រូវរបស់ភាគីកម្ពុជា ដែលរួមគ្នាធ្វើការជាមួយនឹងសាធារណរដ្ឋកូរ៉េ។
អ្នកនាំពាក្យក្រសួង បានសង្កត់ធ្ងន់ថា «លទ្ធផលនៃការបង្ក្រាបដ៏ត្រចេះត្រចង់នេះ ភាគីកូរ៉េ ក៏បានដក ឬបន្ថយនូវបម្រាម ដែលពីមុន បានហាម ឬក៏បានប្រើសារ Alert ឱ្យប្រជាពលរដ្ឋរបស់ខ្លួន កុំទៅកន្លែងនេះ ឬក៏បន្ថយការធ្វើដំណើរ ឬក៏បើធ្វើដំណើរទៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយខ្លាចហានិភ័យពីរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះ គឺបានដកនិងបានបន្ថយនូវបម្រាមទាំងនោះ»។
អ្នកនាំពាក្យ បញ្ជាក់បន្ថែមក្នុងន័យដើមថា «យើងនៅតែបន្តកិច្ចសហប្រតិបត្តិការបែបនេះតទៅទៀត ពីព្រោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា វាប្រព្រឹត្តតាមរយៈអនឡាញ យើងមិនអាចដឹង ហើយមានល្បិចថ្មីៗ ឧបករណ៍បច្ចេកវិទ្យាទំនើបទាន់សម័យជាបន្តបន្ទាប់ វាគឺជាបទល្មើសសកល កើតឡើងពាសវាលពាសកាលលើពិភពលោក យើងរួមគ្នាបែបហ្នឹង គឺជាការជួយពិភពលោក ជួយប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ទាំងអស់ មិនមែនសំដៅទៅលើជាតិសាសន៍ណាមួយទេ»។
លោក ទូច សុឃៈ បានពន្យល់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបទល្មើសសកលដែលកើតឡើងទូទាំងពិភពលោក ដោយសារជនល្មើសប្រើប្រាស់ល្បិចកល និងបច្ចេកវិទ្យាទំនើបៗជាបន្តបន្ទាប់។ ការរួមដៃគ្នាសហការបង្ក្រាបបទល្មើសនេះ គឺជាកិច្ចការចាំបាច់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ ដោយស្មោះត្រង់ និងគ្មានការរើសអើង។
លោកបានសង្កត់ធ្ងន់ថា «មិនត្រូវយកបញ្ហាឆបោកតាមអនឡាញធ្វើជាលេស ឬជាឧបករណ៍នយោបាយ ដើម្បីដាក់លក្ខខណ្ឌ វាយប្រហារ ឬធ្វើទុក្ខបុកម្នេញលើរដ្ឋណាមួយ ដើម្បីបម្រើផលប្រយោជន៍ទុច្ចរិតផ្ទាល់ខ្លួននោះឡើយ ព្រោះទង្វើនោះមិនមែនជាចេតនាសុចរិត ក្នុងការរួមគ្នាលុបបំបាត់បទល្មើស ឬសង្គ្រោះប្រជាជាតិនោះទេ»៕