ក្នុងឱកាសនៃជំនួប, លោកស្រីឯកអគ្គរដ្ឋទូត ថ្លែងអំណរគុណដល់សម្ដេចធិបតី ដែលបានចំណាយពេលវេលេដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន នាពេលកន្លងមក។
លោកស្រី បានបន្តថា កម្ពុជា គឺជាមិត្តដ៏ល្អរបស់គុយបា ដែលតែងជួយគ្នាគ្រប់ពេល និងគ្រប់កាលៈទេសៈ។ ជាមួយគ្នានេះ, លោកស្រី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ក្នុងកាលៈទេសៈដ៏លំបាកបំផុតរបស់កម្ពុជា នៅក្រោយការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយទំនាក់ទំនងដ៏ល្អនេះ បានបន្តរហូតមកដល់បច្ចុប្បន្ន និងកំពុងបន្តពង្រឹង និងពង្រីកបន្ថែមទៀត។
សម្ដេចធិបតីបានបង្ហាញសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តពង្រីកទៅកាន់វិស័យសក្កានុពលផ្សេងៗទៀត មានជាអាទិ៍ វិស័យកសិកម្ម និងសុខាភិបាល។
មុននឹងបញ្ចប់, សម្ដេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ, កសិកម្ម, វប្បធម៌, ទេសចរណ៍, និងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ។
សម្ដេចធិបតីក៏បានលើកទឹកចិត្តលោកជំទាវឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកកាលានុវត្តភាពសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសក្កានុពលនានា៕