ក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយ លោក អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី នៅទីស្ដីការក្រសួង នារសៀលថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសន្និសីទអន្តរជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ស សុខា មានប្រសាសន៍ថា បទល្មើសមួយនេះ មិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ពោលគឺការប្រយុទ្ធប្រឆាំង ត្រូវតែបន្តរួមគ្នាធ្វើដោយគ្មានដែនកំណត់។
ទោះគ្មានដែនកំណត់ក៏ដោយ វិសាលភាពនៃការប្រព្រឹត្តរបស់ពួកឧក្រិដ្ឋជន បានរីកសាយតាមរយៈមធ្យោបាយបច្ចេកវិទ្យា ដែលរីកចម្រើនឥតឈប់ឈរ ខណៈជនរងគ្រោះ មានគ្រប់ជាតិសាសន៍ និងគ្រប់ទីកន្លែងលើពិភពលោក។ ប្រមុខក្រសួងមហាផ្ទៃ បានជម្រាបសមភាគីឥណ្ឌូនេស៊ី អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យមានប្រតិបត្តិការល្បែងភ្នាល់គ្រប់ប្រភេទ តាមប្រព័ន្ធអ៊ីនធឺណិត ដែលផ្សាយចេញ ឬភ្ជាប់នៅតាមកាស៊ីណូទូទាំងប្រទេស។
វិធានការនេះត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត បញ្ជាក់ថា ជាវិធីសាស្ត្រថ្មីមួយទៀត ដើម្បីឈានទៅកាត់ផ្ដាច់ឫសគល់នៃអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈចាប់ពីថ្ងៃតុលាតទៅ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា នឹងចុះត្រួតពិនិត្យ ហើយចាប់វិធានការច្បាប់ដោយគ្មានការលើកលែង ប្រសិនបើរកឃើញកាស៊ីណូ ល្មើសការសម្រេចនេះ។
ក្នុងឱកាសនោះដែរ លោក អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍ចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលសម្រេចបានលទ្ធផលដ៏អស្ចារ្យ ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយលោកបានបន្ថែមទៀតថា " ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ឯកឧត្តមសូមថ្លែងអំណរគុណ ចំពោះការប្ដេជ្ញាចិត្ត ការបើកចំហសហប្រតិបត្តិការ និងការឈានទៅសម្រេចបានលទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាពិសេសការជួយសង្គ្រោះពលរដ្ឋឥណ្ឌូនេស៊ី ដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា"។
ក្នុងនាមប្រតិភូឥណ្ឌូនេស៊ី ដែលមានសមាសភាពមកពីគ្រប់វិស័យពាក់ព័ន្ធ លោក អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍កោតសរសើរ ចំពោះការរៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា ទាំងការទទួលបដិសណ្ឋារកិច្ច និងខ្លឹមសារជាសារវ័ន្ត ហើយលោកផ្ទាល់ ពិតជាស្ញើចសរសើរ ចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទអន្តរជាតិ ប្រកបដោយអត្ថន័យស៊ីជម្រៅ និងច្បាស់លាស់ រួមទាំងឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានចែករំលែកមេរៀន បទពិសោធ និងទស្សនទាន ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
តាមរយៈជំនួបនោះដែរ ភាគីទាំងពីរ បានពិភាក្សា ផ្លាស់ប្ដូរយោបល់ និងឯកភាព ពង្រឹងយន្តការដែលមានស្រាប់ និងដាក់ចេញវិធីសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីធានាបានការដោះស្រាយបញ្ហារួម ជាអាទិ៍ពាក់ព័ន្ធនឹងជនជាតិឥណ្ឌូនេស៊ី ដែលត្រូវបានរកឃើញនៅតាមទីតាំងប្រព្រឹត្តបទល្មើស ការបណ្ដុះបណ្ដាល និងចែករំលែកចំណេះជំនាញពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា បម្រើការស្រាវជ្រាវ និងបង្ក្រាបបទល្មើស ជាដើម៕