ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបការលើវិស័យសន្ដិសុខ
ថ្ងៃទី ៖ 24-09-2026, ដោយ​​ Dara007 , 5 Views
                     
ភ្នំពេញៈ កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបការលើវិស័យសន្ដិសុខ ពិសេសប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

កាលពីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yang Weilin អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

លោកក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី និង លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះ សម្ដេចធិបតី។ ជាមួយគ្នានេះ,លោកបានកោតសរសើរ​ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើង ថែមទៀត។

លោកអនុរដ្ឋមន្ត្រី បានគូសរំលេចអំពីការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ តាមរយៈការជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល និងការដំឡើងកម្រិតកិច្ចសន្ទនាពី ២+២ ទៅ ៣+៣ ដោយបន្ថែមក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាការឆ្លើយតប, សម្តេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក អនុរដ្ឋមន្ត្រី និងគណៈប្រតិភូ។

សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលតែងតែបានគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងចិន ដែលក្នុងនោះ រួមមានទាំងកិច្ចសហប្រតិបត្តិការលើការពង្រឹងសន្ដិសុខ, ការចែករំលែកព័ត៌មាន និងការពង្រឹងការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់កម្ពុជា។

ចំពោះការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, សម្ដេចធិបតីបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត្តរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឱ្យអស់ពីទឹកដីកម្ពុជា។ សម្ដេចធិបតីបានបន្ថែមថា ពាក់ព័ន្ធនឹងកិច្ចការនេះ កម្ពុជាមិនអាចអនុវត្តតែម្នាក់ឯងបានទេ ពោលគឺទាមទារនូវកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសជាដៃគូ និងអ្នកពាក់ព័ន្ធនានា។

ក្រៅពីនេះ, សម្ដេចធិបតីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ក្នុងការជំរុញវិស័យទេសចរណ៍ និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេស ការទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត ដោយសម្ដេចបានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព, ភាពកក់ក្តៅ និងពោរពេញដោយការស្វាគមន៍រាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កាលពីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ចូលជួ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com