យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រយៈពេល ៨ ខែ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ជប៉ុន មានទំហំទឹកប្រាក់សរុបជិត ២ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៩ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅទីផ្សារជប៉ុន មានទឹកប្រាក់ជាង ១,២ ពាន់ លានដុល្លារអាមេរិក កើនជាង ២២ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន, ប្រភេទទំនិញដែលកម្ពុជាបាននាំចេញរួមមាន៖ សម្លៀកបំពាក់, វាយនភណ្ឌ, ស្បែកជើង, សម្ភារៈធ្វើដំណើរ, គ្រឿងអេឡិចត្រូនិចនិងគ្រឿងបំណែក, ខ្សែភ្លើងនិងគ្រឿងបង្គុំខ្សែភ្លើង និងគ្រឿងបន្លាស់រថយន្តជាដើម ។
ចំណែការនាំចូលពីប្រទេសជប៉ុនមកកម្ពុជា នៅក្នុងរយៈពេល ៨ ខែនេះដែរ មានទឹកប្រាក់សរុបប្រមាណជាង ៧១៧ លាន ដុល្លារអាមេរិក កើនជាង ១៣ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ។
ចំពោះទំនិញសំខាន់ៗដែលបាននាំចូលរួមមាន៖ រថយន្ត គ្រឿងបន្លាស់រថយន្ត និងយានយន្តផ្សេងៗ ម៉ាស៊ីន ឧបករណ៍មេកានិច និងឡចំហាយ គ្រឿងម៉ាស៊ីន និងបរិក្ខារអគ្គិសនី រួមទាំងឧបករណ៍បំពងសំឡេង និងទូរទស្សន៍ វត្ថុធាតុដើម និងផលិតផលធ្វើពីប្លាស្ទិក និងផលិតផលសេរ៉ាមិច និងកញ្ចក់ជាដើម៕