|
៨ ខែ កម្ពុជានាំចេញកសិផល និងផលិតផលកែច្នៃចេញពីវិស័យកសិកម្ម បានទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ
ថ្ងៃទី ៖ 18-09-2026, ដោយ Dara007 , 11 Views
ភ្នំពេញៈ ក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ កម្ពុជានាំចេញកសិផល និងផលិតផលកែច្នៃចេញពីវិស័យកសិកម្ម មានទឹកប្រាក់សរុបប្រមាណ ជាង ៣,២ ពាន់លានដុល្លារអាមេរិក ដោយបច្ចុប្បន្នការនាំចេញកសិផលស្រស់ និងផលិតផលដែលកែច្នៃរួច បានកំពុងគាំទ្រកំណើនៃ ការនាំចេញសរុបរបស់កម្ពុជា។ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការនាំចេញប្រភេទទំនិញ និងកសិផលសំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បន្តមានកំណើនកើនឡើងជាលំដាប់ គាំទ្រដល់ការបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ វិស័យការងារ និងកំណើននៅក្នុងសេដ្ឋកិច្ចជាតិផងដែរ។
ជាក់ស្តែងនៅក្នុងរយៈពេល ៨ ខែនេះ កសិកផលសំខាន់ៗដែលជួយជ្រោមជ្រែងដល់ការនាំចេញរួមមាន៖ ការនាំចេញអង្ករ មានទឹកប្រាក់ជាង ៤៣២ លានដុល្លារ កើនឡើង ៨២ ភាគរយ, ស្រូវ ៣៣៨ លានដុល្លារ ធ្លាក់ចុះ ៤០០ ភាគរយ, ស្វាយចន្ទី ជាង ១,១ ពាន់លានដុល្លារ កើនប្រមាណ ៣៦៥ ភាគរយ, ជ័រកៅស៊ូ ជាង ៣៨១ លានដុល្លារ កើនជាង ៦៤ ភាគរយ, ដំឡូង ៤៨៩ លានដុល្លារ ថមថយ ៩ ភាគរយ, ចេក ១៥៧ លានដុល្លារ កើនជាង ៤១ ភាគរយ, ស្វាយជិត ១០០ លានដុល្លារ, មៀន ២០ លាន ដុល្លារ, ម្រេច ២៧ លានដុល្លារ, ពោតជាង ១ លានដុល្លារ, ថ្នាំជក់ជាង ២ លានដុល្លារ និងកសិផលផ្សេងៗទៀត មានទឹកប្រាក់ជាង ៧៥ លានដុល្លារ កើនឡើងជិត ៥៩ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។ ចំណែកផលិតផលកែច្នៃចេញពីវិស័យកសិកម្ម ដែលនាំចេញ ក្នុងរយៈពេល ៨ ខែនេះដែររួមមាន៖ ការនាំចេញស្ករស មាន ទឹកប្រាក់ជិត ១៩ លានដុល្លារ ថយចុះ ២៣ ភាគរយ និងការនាំចេញបារី មានទឹកប្រាក់ជាង ១៤ លានដុល្លារ កើនជាង ៩ ភាគរយ ក្រៅពីនេះនៅមានកសិផលកែច្នៃផ្សេងៗទៀតដែលបានជួយដល់ការនាំចេញរបស់កម្ពុជា។
សូមបញ្ជាក់ថា កសិផលកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសជាង ៦០ ជុំវិញពិភពលោក ក្នុងនោះទីផ្សារសំខាន់ៗដែលគាំទ្រខ្លាំង ជាងគេរួមមាន៖ ប្រទេសវៀតណាម, គឺជាទីផ្សារធំជាងគេមួយ សម្រាប់កសិផលកម្ពុជាដូចជាស្រូវ អង្ករ កៅស៊ូ និងដំណាំដំឡូងមី។ ប្រទេសចិន, គឺជាដៃគូពាណិជ្ជកម្មដ៏ធំដែលនាំចេញអង្ករ ចេកអំបូងលឿង ស្វាយស្រស់ មៀនប៉ៃលិន និងកសិផលផ្សេងៗ ទៀត ជាច្រើនមុខ។ បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប (EU), មានការនាំចេញអង្ករ និងទំនិញកសិកម្មកែច្នៃមួយចំនួន និង ប្រទេសផ្សេងៗ ទៀតដូចជា កូរ៉េខាងត្បូង ថៃ ជប៉ុន ឥណ្ឌា និងបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ានផងដែរ៕
|