ជំនួបបានធ្វើឡើងក្នុងឱកាសអ្នករាយការណ៍ពិសេសថ្មីរូបនេះ ចាប់ផ្ដើមបំពេញបេសកកម្មនៅកម្ពុជា បន្ទាប់ពីត្រូវបានតែងតាំងជំនួសលោក វិទិត មុនតាបន អតីតអ្នករាយការណ៍ពិសេស ជាជនជាតិថៃដែលលាលែងពីមុខតំណែង ក្រោយកងទ័ពថៃបើកការឈ្លានពានមកលើកម្ពុជា។ ជំនួបនេះ បានផ្ដល់ឱកាសជូន លោក ថូម៉ាស់ អេនឌ្រូ ណែនាំខ្លួន និងសមាសភាពសហការី ព្រមទាំងផ្លាស់ប្ដូរព័ត៌មានជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីការយកចិត្តទុកដាក់របស់ក្រសួង និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងលំហប្រជាធិបតេយ្យ ក្នុងនោះ ក៏រួមទាំងពាក់ព័ន្ធការយកចិត្តទុកដាក់លើការគ្រប់គ្រងជនជាប់ឃុំ និងមណ្ឌលអប់រំកែប្រែផងដែរ។
លោក បានជម្រាបជូនអ្នករាយការណ៍ពិសេសថា ឈរលើមរតកដឹកនាំប្រកបដោយការតស៊ូ និងវឌ្ឍនភាពដ៏គួរឱ្យស្ញប់ស្ញែងលើគ្រប់វិស័យ របស់ថ្នាក់ដឹកនាំជំនាន់មុន ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាប្រមុខ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តប្ដេជ្ញាចិត្តដឹកនាំរាជរដ្ឋាភិបាលបន្តវេន ដោយប្រកាន់ខ្ជាប់ការគោរព និងលើកកម្ពស់សិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងលំហប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញរបស់ជាតិ និងគោលការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស។
ក្នុងឱកាសនោះដែរ លោក ថូម៉ាស់ អេនឌ្រូ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការសម្របសម្រួលរបស់កម្ពុជា ក្នុងនោះក៏រួមទាំងក្រសួងមហាផ្ទៃ សម្រាប់ការចុះបំពេញបេសកកម្មជួបជាមួយបណ្ដាតួអង្គ និងនៅតាមគោលដៅសំខាន់ៗប្រកបដោយភាពរលូន និងសុវត្ថិភាព។ លោកក៏បានជម្រាបជូនលោកអភិសន្តិបណ្ឌិត នូវព័ត៌មានមួយចំនួនដែលប្រមូលបានពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងក៏បានកោតសរសើរសេចក្ដីក្លាហាន និងការសម្របសម្រួលជូនលោកដោយបើកចំហឱ្យចូលទស្សនកិច្ចតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែផងដែរ។ មុននឹងបញ្ចប់ ភាគីទាំងពីរ ក៏បានសន្យាផ្ដល់កិច្ចសហការដល់គ្នាទៅវិញទៅមកប្រកបដោយភាពស្មោះត្រង់ ដើម្បីរួមគ្នាបន្តបេសកកម្មលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឱ្យបានកាន់តែប្រសើរ ឈរលើគោលការណ៍ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា និងក្របខណ្ឌច្បាប់ ព្រមទាំងគោលការណ៍ជាសកលរបស់អង្គការសហប្រជាជាតិ។
លោកអភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍ជូនពរ លោក ថូម៉ាស់ អេនឌ្រូ និងសហការី បំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា ដោយឯកឧត្តមផ្ទាល់ និងក្រសួងមហាផ្ទៃ ត្រៀមខ្លួនផ្ដល់កិច្ចសហការជានិច្ច៕