|
ឃាត់ខ្លួនជនសង្ស័យ២ នាក់ កាត់ខ្សែភ្លើងបង្គោលអង់តែនទូរស័ព្ទMetfone
ថ្ងៃទី ៖ 24-07-2026, ដោយ Dara007 , 49 Views
តាកែវៈ ឃាត់ខ្លួនជនសង្ស័យ២ នាក់ កាត់ខ្សែភ្លើងបង្គោលអង់តែនទូរស័ព្ទMetfone ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦មានករណីអំពើលួច(លួចកាត់ខ្សែភ្លើងបង្គោលអង់តែន) និងករណីសមគំនិត កើតឡើងនៅចំណុចបង្គោលអង់តែនលេខTAK084 របស់ក្រុមហ៊ុនសេវាករទូរស័ព្ទMetfone ស្ថិតក្នុងភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យមានឈ្មោះ វន់ វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរជាងពិដាន មានស្រុកកំណើតភូមិត្រស់ ឃុំជ័យកំពត ស្រុកព្រះសេ្តច ខេត្តព្រៃវែង មានទីលំនៅបច្ចុប្បន្នភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល(ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ និងមានវិជ្ជមានសារធាតុញៀន) ប្រើប្រាស់មធ្យោបាយធ្វើដំណើរម៉ូតូ០១គ្រឿងធុនហុងដាZoomer-X សេរីឆ្នាំ២០១៧ ពណ៌ខៀវចាស់-ទឹកក្រូច ពាក់ស្លាកលេខ កំពង់ស្ពឺ១J-៧៤៤៦ បានធ្វើសកម្មភាពផ្លោះរបងចូលយកកន្ត្រៃដែកកាត់ឆ្អឹងគ្រោងពិដានលួចកាត់ខ្សែភ្លើងអង់តែនសំបកជ័រពណ៌ខ្មៅខាងក្នុងសមាសធាតុស្ពាន់ ទំហំមុខកាត់២X៧មីលីម៉ែត្រការ៉េបាត់អស់ប្រវែង១០ម៉ែត្រដែលជាខ្សែភ្លើងតភ្ជាប់អគ្គីសនីចេញពីបន្ទប់បញ្ជាឡើងទៅកាន់ឧបករណ៍ផ្សាយសេវាទូរស័ព្ទដែលនៅខាងចុងបង្គោលអង់តែនបណ្តាលឱ្យដាច់ប្រព័ន្ធសេវាទូរស័ព្ទ និងអ៊ីនធ័រណេតទាំងស្រុង ។ ក្រោយពេលធ្វើសកម្មភាពបានសម្រេចជនសង្ស័យបានគេចខ្លួនចេញពីកន្លែងកើតហេតុដោយបានយកខ្សែភ្លើងយកទៅលាក់ទុកនៅក្នុងគុម្ពព្រៃសង្កែមួយកន្លែងខាងកើតក្បែរចិញ្ជើមផ្លូវជាតិលេខ២ស្ថិតក្នុងភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ លុះរហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០៣និង០០នាទីទាបភ្លឺក៏ស្រាប់តែជនសង្ស័យឈ្មោះ វន់ វុទ្ធី និងបក្ខពួកម្នាក់ទៀតឈ្មោះ ទុន វាសនា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតខណ្ឌចំការមន រាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(វិជ្ជមានសារធាតុញៀន)បាននាំគ្នាជិះម៉ូតូត្រឡប់មកយកខ្សែភ្លើងដែលបានលាក់ទុក ដើម្បីយកទៅលក់បានលុយទិញគ្រឿងញៀនប្រើប្រាស់រួមគ្នា បន្ទាប់ពីយកខ្សែភ្លើងបានរួចហើយក៏នាំគ្នាទាំង០២នាក់ជិះម៉ូតូតាមបណ្តោយដងផ្លូវជាតិលេខ២ទៅទិសខាងជើងដឹកខ្សែភ្លើងត្រឡប់ឡើងទៅក្រុងតាខ្មៅ វិញរហូតដល់ចំណុចភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក៏ស្រាប់តែបានជួបនិងកម្លាំងសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដាក់គោលដៅត្រួតពិនិត្យឆែកឆេរប្រទះឃើញវត្ថុតាងខ្សែភ្លើងដែលជនសង្ស័យលួចបានក៏ធ្វើការឃាត់ខ្លួនតែម្តង ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តតាកែវ សម្របសម្រួលនីតិវិធីពីលោកស្រី ម៉េង សុខឃីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃខែឆ្នាំដដែល កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យ៖ ១.ឈ្មោះ វន់ វុទ្ធី និងទី២.ឈ្មោះ ទុន វាសនា ព្រមទាំងដកវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីធ្វើសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕
|