|
លោកជំទាវបណ្ឌិត ថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន បណ្តាវិស័យឯកជន ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្តសប្បុរសយ៉ាងធំធេង ចូលរួមគាំទ្រមូលនិធិគន្ធបុប្ផា
ថ្ងៃទី ៖ 28-05-2026, ដោយ Dara007 , 11 Views
ភ្នំពេញៈ លោកជំទាវបណ្ឌិត ថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន បណ្តាវិស័យឯកជន ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្តសប្បុរសយ៉ាងធំធេង ចូលរួមគាំទ្រមូលនិធិគន្ធបុប្ផា ដើម្បីរួមគ្នាជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។
ថ្លែងក្នុង «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និង «ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា» នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា មានប្រសាសន៍ស្វាគមន៍ប្រកបដោយអារម្មណ៍រំភើបរីករាយ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងពិធីបើកនេះ។
លោកជំទាវបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន បណ្តាវិស័យឯកជន ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្តសប្បុរសយ៉ាងធំធេង ចូលរួមគាំទ្រមូលនិធិគន្ធបុប្ផា ទាំងកម្លាំងកាយចិត្ត និងធនធាន នាពេលកន្លងមក ដែលការរៀបចំយុទ្ធនាការនេះ គឺដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ការបំផុសសកម្មភាពកៀរគរមូលនិធិសប្បុរសធម៌ ជាពិសេស គឺការបំផុសស្មារតី ខ្មែរជួយខ្មែរដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេស ក្រោមមូលបទ “ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្មែរនៅតែជួយខ្មែរ” ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា រួមទាំងស្រ្តីមានផ្ទៃពោះរាប់លាននាក់ ដោយឥតគិតថ្លៃ ជាង ៣ទសវត្សរ៍កន្លងមកនេះ៕
|