ជាថ្មីម្ដងទៀតសាច់ញាតិបុរសម្នាក់ដែលជាជនរងគ្រោះបានទទូចសុំយុត្តិធម៌ ខណៈអ្នកបើកបញ្រ្ចាសឬនិយាយឱ្យចំថាអ្នកបង្កហេតុមិនទាន់ចូលខ្លួនដោះស្រាយ ក្រោយពីជនរងគ្រោះត្រូវបញ្ជូនបន្តទៅប្រទេសវៀតណាម បន្ទាប់រងការប៉ះទង្គិច និងបុកពេញទំហឹងបណ្ដាលឱ្យបាក់ឆ្អឹងដងកាំបិត និងប្រេះស្រាំលលាដ៍ក្បាល ។
សមត្ថកិច្ចបានប្រាប់ថា ករណ៍នេះកើតឡើង នៅវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ពលរដ្ឋនៅក្នុងហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុគេឃើញម៉ូតូ២គ្រឿងបានបុកគ្នា បណ្ដាលឱ្យអ្នកបើកបរទាំងខាង ដេកដួលបែកក្បាលនៅដងផ្លូវវេងស្រេង ។
ពលរដ្ឋថា ករណីគ្រោះថ្នាក់ចរាចរនេះ គឺភាគីម្ខាងបានបើកម៉ូតូសង់ឌ្រីម ពាក់ស្លាកលេខ ព្រៃវែង 1G-8106 បញ្រ្ចាសទិស ហើយក៍បុកជាមួយភាគីរងគ្រោះដែលជិះម៉ូតូសង់ឌ្រីមដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ 1GY-5404 ក្នុងទិសដៅពីចោមចៅមកស្ទឹងមានជ័យ ។
សាច់ញាតិភាគីរងគ្រោះបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ សារុន ភារ៉ា អាយុ៣៣ឆ្នាំ ស្នាក់នៅភ្នំពេញ មុខរបរធ្វើក្រុមហ៊ុនឯកជនមួយកន្លែង បច្ចុប្បន្ន កំពុងព្យាបាលនៅពេទ្យវៀតណាម។
សាច់ញាតិភាគីរងគ្រោះបានប្រាប់ទៀតថា ក្រោយគ្រោះថ្នាក់បានកើតឡើង ពួកគាត់បានដាក់ពាក្យបណ្ដឹងនៅកន្លែងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីស្វែងរកបង្កឱ្យចូលខ្លួនដោះស្រាយ និងស្នើសុំឆែកកាមរ៉ាសុវត្ថិភាព តែប៉ូលិសខណ្ឌឆ្លើយថា ពិបាកណាស់ដោយសារត្រូវដាក់ពាក្យបែបបទស្នើសុំគឺរាងយូរបន្តិច ។ បច្ចុប្បន្នម៉ូតូរងគ្រោះ និងម៉ូតូខាងជនបង្កត្រូវប៉ូលិសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ៕