ក្នុងឱកាសនៃជំនួប, លោកឯកអគ្គរដ្ឋទូតបានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា និងបានសម្ដែងក្តីសោមនស្សរីករាយ និងមោទនភាព ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ជាមួយនឹងការដកស្រង់បទពិសោធន៍ ក៏ដូចជាបានស្វែងយល់ពីប្រវត្តិសាស្ត្រ សម្បត្តិវប្បធម៌ និងអរិយធម៌ដ៏សម្បូណ៌បែបរបស់កម្ពុជា។
លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់អំពីការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលស្វីស ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ។
ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកយ៉ាងសកម្មជំរុញការពង្រឹង និងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា។
សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការពង្រឹងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាជន ជាអាទិភាពដ៏សំខាន់ និង ចាំបាច់របស់កម្ពុជា។
បន្ថែមលើនេះ, សម្ដេចធិបតីបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជានិងស្វីសនៅមានសក្តានុពលជាច្រើនទៀតនៅក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនេះ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច, វិនិយោគ, ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងជំនួបនេះដែរ, សម្ដេចធិបតីក៏បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាម អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា រដ្ឋាភិបាលស្វីសគាំទ្រការបន្តអនុវត្តបទឈប់បាញ់របស់ភាគីទាំងពីរ និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់៕