ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកពីទីជិតឆ្ងាយ នៅតែជ្រើសរើសខេត្តសៀមរាបជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ នៅពេលថ្ងៃឈប់សម្រាកឬឱកាសនៃពិធីបុណ្យទាននានា ដោយសារខេត្តសៀមរាបមានប្រាសាទអង្គរវត្ត និងប្រាសាទបុរាណជាច្រើនទៀត រួមទាំងរមណីយដ្ឋានទេសចរណ៍ច្រើនសម្បូរបែប ជាពិសេសការរៀបចំតុបតែងលម្អនិងកម្មវិធីកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត។ អ្នកស្រី ធីតា ប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តដឹកជញ្ជូនសាធារណៈរបស់រាជរដ្ឋាភិបាលមកកាន់ខេត្តសៀមរាប ដើម្បីមកទស្សនាប្រាសាទអង្គរវត្ត និងកន្លែងកម្សាន្តជាច្រើនទៀត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
អ្នកស្រីថា បើទោះបីជាមកប៉ុន្មានដង ពិតជាមិនជិនណាយឡើយចំពោះប្រាសាទអង្គរវត្តដែលជាទីគោរពសក្ការៈរបស់ប្រជាជាតិខ្មែរ នៅទីនោះភាពស្រស់ស្អាតនៃចម្លាក់បុរាណ រឿងរ៉ាវប្រវត្តិសាស្ត្រពីដូនតា បូករួមនឹងការថែទាំយ៉ាងយកចិត្តទុកដាក់ផង ធ្វើឱ្យនៅបរិវេណប្រាសាទមានសោភ័ណ្ឌភាពល្អ វាលស្មៅបៃតងខ្ចីក្នុងរដូវប្រាំង ធ្វើឱ្យទេសចរគ្រប់គ្នាស្ងើចសរសើមិនដាច់ពីមាត់ អំពីភាពល្អឥខ្ចោះនៃប្រាសាទបុរាណរបស់ខ្មែរ។ ថ្ងៃមកប្រាសាទអង្គរវត្ត និងចេញពីប្រាសាទអង្គរចង់ទៅលេងប្រាសាទអង្គរធំ និងនាគព័ន្ធ។និយាយទៅមកស្ទើតែរាល់ឆ្នាំ ស្ងប់ស្ងែញក្នុងចិត្តថាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើង គឺស្អាតតែម្តង ប្រាសាទអង្គរយើងគឺស្អាតណាស់ ឥឡូវការរៀបចំអីរឹតតែស្អាតជាងមុនទៀត មករាល់ឆ្នាំ ឆ្នាំនេះជិះឡានរដ្ឋរបស់សម្តេចពុកមកទេ សាំងថ្លៃអត់ជិះឡានខ្លួនឯងមកទេ បានរួចថ្លៃធ្វើដំណើរទៅទីនោះមកដល់សៀមរាបដែរ ផ្ទះខ្ញុំនៅតាខ្មៅ។
បើទោះបីជាឆ្នាំនេះអាកាសធាតុហាក់មានកម្តៅខ្លាំង ប៉ុន្តែមិនអាចរារាំងការដើរកម្សាន្តរបស់អ្នកទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាក់ស្តែងលោកសិលា ជាប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង បានលើកឡើងថា នេះជាលើកដំបូងដែលលោកមកលេងខេត្តសៀមរាបក្នុងឱកាសពិធីបុណ្យទាននានា។ លោកថា មកដល់ទីនេះ លោកឃើញការរៀបចំតុបតែងលម្អរ កម្មវិធីកម្សាន្តសប្បាយក្នុងក្រុងសៀមរាបហាក់មានភាពទាក់ទាញទេសចរឱ្យបានសប្បាយរីករាយ។ លោកថា ពេលអាកាសធាតុត្រជាក់បន្តិចលោកមានបំណងដើរទស្សនាប្រាសាទបុរាណនៅក្បែរៗនោះ។ចំណែកការរៀបចំផ្នែកសន្តិសុខសណ្តាប់ធ្នាប់និងផ្នែកសុខាភិបាល លោកសិលា លើកឡើងថាមានការយកចិត្តយ៉ាងខ្លាំង។ សំឡេង៖ចង់មក ជាទូទៅខ្ញុំអត់ដែលមកលេងសៀមរាបក្នុងរដូវកាលចូលឆ្នាំ ឬកម្មវិធីបុណ្យជាតិ អ៊ីចឹងឆ្នាំនេះចង់មកដោយសារទី១.ខេត្តយើងមួយចំនួនបានប៉ះពាល់ពីសង្រ្គាម អ៊ីចឹងអត់ចង់ឱ្យមានវិបត្តិផ្លូវចិត្តអីទេ អ៊ីចឹងសាកល្បងដើរលេងខ្លះទៅ។ជារួមគឺល្អហើយសប្បាយ ដើរលេងជុំវិញផ្សារចាស់ មកពីកន្លែងគេគូររូបកន្លែងហ្នឹងក៏មនុស្សច្រើនដែរ បន្តិចទៀតមានគេប្រគុំតន្ត្រីអី។ ជារួមខ្ញុំឃើញថាល្អ មានអាជ្ញាធរ អាវុធហត្ថអីគាត់នៅចាំការពារ ហើយនៅតាមស្តង់មួយៗ មានកន្លែងសង្រ្គោះ បើយើងមានកើតហេតុការណ៍អី្វមួយមិនអាចស្មានទុកបានគាត់អាចជួយបានទាន់ពេលវេលា។
សូមជម្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បងប្អូនប្រជាពលរដ្ឋនិងទេសចរអាចធ្វើដំណើរកម្សាន្តបានគ្រប់ទិសទី ដោយសារយកចិត្តទុកដាក់បង្កើតនិងរៀបចំឱ្យព្រឹត្តិការណ៍សង្រ្កាន្តស្ទើបណ្តារាជធានី ខេត្ត ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ផ្សព្វផ្សាយ ថែរក្សាប្រពៃណីវប្បធម៌ជាតិ និងជាពិសេសចូលរួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍នៅកម្ពុជា៕