យោងតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទីពីរ ស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទស អាស៊ានលើកទីពីរស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ា តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំបានស្វាគមន៍ចំពោះសេចក្តីប្រកាសបទឈប់បាញ់បណ្តោះអាសន្នរវាងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ហើយសង្ឃឹមថា ការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពន បទឈប់បាញ់នេះ នឹងរួមចំណែកដល់ការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា និងដំណោះស្រាយ ភាពខុសគ្នាតាមរយៈការទូត និងកិច្ចសន្ទនា។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើផលបច្ច័យនៃជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសផលប៉ះពាល់មក លើសន្តិសុខថាមពលនិងស្បៀងអាហារ ខ្សែច្រវាក់ផ្គត់ផ្គង់ និងផ្លូវដឹកជញ្ជូន។
កិច្ចប្រជុំក៏បានពិភាក្សាអំពី វិធីសាស្ត្រជាក់ស្តែងសម្រាប់អាស៊ាន ដើម្បីពង្រឹងភាពធន់នៃថាមពល និងការធានាសន្តិសុខស្បៀង អាហារ ក្នុងគោលបំណងបង្កើនស្ថិរភាពក្នុងតំបន់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធផ្គត់ផ្គង់សំខាន់ៗ។ ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតម្រូវការសម្រាប់អាស៊ាន ក្នុង ការបង្កើនប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីពង្រឹងការសម្របសម្រួល ថាមពល រួមមានការពន្លឿនកិច្ចព្រមព្រៀងបំពង់បង្ហូរឧស្ម័នអន្តរអាស៊ាន (Trans-ASEAN Gas Pipeline) និងកិច្ចព្រមព្រៀងសន្តិសុខប្រេងអាស៊ាន (ASEAN Petroleum Security Agreement), បង្កើនការចែក រំលែកទិន្នន័យជាក់ស្តែង និងកែលម្អវិធានការបន្ទាន់ ដូចជា ការបម្រុងប្រេងឥន្ធនៈ ជាដើម។
លោក ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញបណ្តាញអគ្គិសនីអាស៊ាន រួមទាំង ៖ ការធ្វើពិពិធកម្មថាមពល និងថាមពលកកើតឡើងវិញ។
លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ជម្លោះនេះបង្កហានិភ័យយ៉ាងខ្លាំងដល់សន្តិសុខ ស្បៀង ដោយការកើនឡើងថ្លៃថាមពលជំរុញឱ្យបង្កើនចំណាយក្នុងវិស័យកសិកម្ម និងរំខានដល់ ការផ្គត់ផ្គង់ជីកសិកម្ម ដែលអាចនាំឱ្យមានការខ្វះខាត ការកើនឡើងនៃតម្លៃ និងការធ្លាក់ចុះនៃទិន្នផល ជាពិសេសសម្រាប់ក្រុមងាយរងគ្រោះ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាស៊ានគួរពង្រឹងសន្តិសុខស្បៀង តាមរយៈ កិច្ចសម្របសម្រួល និងការត្រៀមខ្លួនឱ្យកាន់តែរឹងមាំ រួមទាំងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវ ស្រូវបម្រុងរបស់អាស៊ានបូកបី (ASEAN Plus Three Emergency Rice Reserve) និងប្រព័ន្ធព័ត៌មាន សន្តិសុខស្បៀងអាស៊ាន (ASEAN Food Security Information System) សម្រាប់ការចែករំលែក ព័ត៌មាន និងការចល័តធនធានទាន់ពេលវេលា ព្រមទាំងពង្រឹងការសម្របសម្រួលឆ្លងវិស័យ ដើម្បី ដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធគ្នា។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើការជិតស្និទ្ធ ជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីពង្រឹងភាពធន់រួមគ្នា និងបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការបន្តការប្រាស្រ័យទាក់ទង និងការទូត ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕