ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌដូនពេញ និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ៣១១ នាក់ (ស្រី្ត ៣១ នាក់) មាន ៥ សញ្ជាតិ ក្នុងនោះមាន ជនជាតិចិន ២៥៤ នាក់ គ្មានលិខិតឆ្លងដែន ១៤៤ នាក់, ជនជាតិម៉ាឡេស៊ី ៣០ នាក់, ជនជាតិវៀតណាម ២៣ នាក់ និង ជនជាតិឥណ្ឌា ២ នាក់។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញសម្ភារៈបច្ចេកទេសជាច្រើនដែលបម្រើឱ្យសកម្មភាពឆបោក រួមមានទូរសព្ទដៃចំនួន ៦១៥ គ្រឿង, Laptop ១៤០ គ្រឿង, All in One ៣១ គ្រឿង, Monitor ៦ គ្រឿង និង CPU ៣ គ្រឿង។
សមត្ថកិច្ចបានរឹបអូសសម្ភារៈទាំងនេះសម្រាប់ជាភស្តុតាងក្នុងការកសាងសំណុំរឿង និងការអនុវត្តនីតិវិធីច្បាប់។ យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដូចជា ការអូសទាញអោយវិនិយោគ, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគប្រើប្រាស់ក្រុមហ៊ុនឈ្មោះ Nanhua Singapore ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី, ការឆបោកលួងលោមឱ្យវិនិយោគលើរូបិយប័ណ្ណឌីជីថល, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំជាមន្រ្តីរដ្ឋាភិបាលមានគោលដៅទៅតៃវ៉ាន់, ព្រមទាំងរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនផងដែរ។ បច្ចុប្បន្ន ជនបរទេសទាំង៣១១ នាក់ នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប. ) ជាថ្មីម្តងទៀត បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។
ដោយឡែកចំពោះម្ចាស់ផ្ទះ ឬអគារ ត្រូវមានស្មារតីម្ចាស់ការខ្ពស់ មិនត្រូវជឿតាមការអូសទាញ ឬយល់ព្រមជួលអគារ និងផ្ទះសម្បែង ទៅឱ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយ ដើម្បីចូលរួមកម្ចាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ជំពូក និង២៤មាត្រា។
ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមាន ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការបង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ៕